ថ្ងៃនេះ​! រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ម្នាក់​បាន​ទៅ​ហាង Zando និង​ម្នាក់ទៀត​ជា​ករណី​នាំចូល​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន​២​នាក់​ថែមទៀត ដោយ​ក្នុងនោះ​អ្នក​ឆ្លង​ម្នាក់ ជា​អ្នក​បាន​ទៅ​ហាង Zando បឹង​កេងកង និង​ម្នាក់ទៀត​ជា​ករណី​នាំចូល ដែល​ធ្វើដំណើ​មកពី​ប្រទេស​ជប៉ុន​។​

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង​២​នាក់​នេះ​រួមមាន​៖
១៖ បុរស​ជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando សាខា​បឹង​កេងកង​។ លទ្ធផល​ធ្វើតេស្ត​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ បុរស​ជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​បុគ្គល​នេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​ចំនួន​៥០​នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើនេះ​ផងដែរ​។ មាន​បុរស​ចំនួន​២​នាក់ បានធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ពួកគាត់ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​វិជ្ជមាន ហើយ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។ រីឯ​អ្នកដំណើរ​ចំនួន ៤៧​នាក់ ដែល​អវិជ្ជមាន​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស ៣៥​នាក់ និង​នៅ​សណ្ឋាគារ​មួយចំនួន ១២​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៥៦​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន​៣០៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ចំនួន ៤៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close