សេដ្ឋកិច្ចកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងស្ដីពីភូតគាមអនាម័យ ដើម្បីនាំចេកទៅកាន់ទីផ្សារចិន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០២សីហា ម្សិលមិញ បានចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញកម្ពុជា ទៅកាន់ទីផ្សារ ប្រទេសចិន។
សូមបញ្ជាក់ថា ការចុះពិធីសារនេះ គឺជាការឆ្លើយតបរបស់ភាគីចិន តាមសំណើរបស់ភាគីកម្ពុជា តាមរយៈក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ផ្តើមចរចាទីផ្សារជាមួយភាគីចិនឡើងវិញ តាមរយៈការរៀបចំផែនការការងារ សម្រាប់រៀបចំពិធីសារនាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន និងបានឯកភាពគ្នាលើសេចក្តីព្រាង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ នៅសហភាពមីយ៉ាន់ម៉ា។
ហើយជាមួយនឹងលទ្ធផលដែលទទួលបានបន្ថែមនេះ គឺភាគីកម្ពុជាបាននិងកំពុងបន្តស្នើសុំទៅភាគីចិន ឲ្យពិនិត្យលទ្ធភាព និងពន្លឿនការងារបន្ថែម ក្នុងការនាំចូលនូវផលិតផលកសិកម្មចាំបាច់មួយចំនួនទៀត ទៅកាន់ទីផ្សារចិន ដូចជា៖ ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែដូង និងសំបុកទឹកមាត់ត្រចៀកកាំ ជាដើម។
សូមបញ្ជាក់ថា ផលិតផលកសិកម្មកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនកាលពីឆ្នាំ២០១៧ រួម មាន ៖ អង្ករ ចំនួនជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀមនិងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣.៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។