NASA ប្រកាសបេសកកម្មថ្មីចំនួន២ ទៅកាន់ភពសុក្រ
បរទេស៖ អង្គការ NASA នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីបេសកកម្មធំៗថ្មីចំនួនពីរទៅកាន់ភពសុក្រ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ។
ប្រភពបានអោយដឹងថា បេសកកម្មធំៗទាំងពីរខាងលើនេះ ត្រូវបានផ្តល់ថវិកាប្រមាណ៥០០លានដុល្លារ ស្ថិតនៅក្រោមកម្មវិធីរបកគំហើញរបស់ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ ហើយបេសកកម្មនីមួយៗរំពឹងថា ចាប់ផ្តើមនៅអំឡុងឆ្នាំ២០២៨-២០៣០ ។ បេសកកម្មទាំងនេះ នឹងផ្តល់អោយសហគមន៍វិទ្យាសាស្ត្រទាំងមូលនូវឱកាស ដើម្បីស៊ើបអង្កេតភពមួយដែលយើងមិនធ្លាប់បានទៅជាង ៣០ឆ្នាំ ។
បើតាមអ្នកគ្រប់គ្រងថ្មីរបស់អង្គការ NASA លោក ប៊ីល នែលសុន (Bill Nelson) បេសកកម្មខាងលើនេះ មានគោលបំណងស្វែងយល់ពីវិធីដែលភពព្រះសុក្របានក្លាយជាពិភពមួយដូចឋាននរក ដែលមានសមត្ថភាពអាចរំលាយសំណនៅលើផ្ទៃដីរបស់វា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។