ពលរដ្ឋតវ៉ា​បិទផ្លូវជាតិលេខ៥១​ រឿងក្រុមទាហានចូលកាន់កាប់ដី និង​​បាញ់ពលរដ្ឋ​ម្នាក់រងរបួស

នៅថ្ងៃព្រហស្បត្តិ៍​នេះ មានប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ បានលើក​គ្នា​ធ្វើការ​តវ៉ារហូត​ឈាន​ដល់ការ​បិទផ្លូវជាតិលេខ៥១ ចំណុច​ឃុំ​ទួលព្រេជ ស្រុកអង្គស្នួល ក្រោយ​ពួក​គាត់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​មន្រ្តីយោធាក្នុង​ការ​កាន់កាប់ដីដែលពួកគាត់ធ្លាប់អាស្រ័យផល រហូត​ដល់​មាន​ការប៉ះទង្គិច​គ្នា ហើយ​ទាហានបាន​បាញ់ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​រងរបួស។

ចំពោះករណីដីជម្លោះនេះ រដ្ឋបាលខេត្ត​កណ្តាលបានបញ្ជាក់នៅ​រសៀលថ្ងៃនេះថា ទីតាំង​នោះ គឺជា​ដីរបស់រដ្ឋ ដែលហៅថា ដីចំការបារាំង ហើយ​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​មួយ​ផ្នែក​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​វិស័យ​ការពារជាតិ និង​មួយ​ផ្នែកទៀត ប្រើប្រាស់​សម្រាប់​វិស័យបរិស្ថាន ជាទីតាំង​សម្រាប់​ទុកដាក់សំរាម និង​សំណល់រឹងចុងក្រោយ​កម្រិត​តំបន់។

យ៉ាងណាក៏ដោយ ក្រុម​ការងារ​គណៈកម្មការ​អន្តរក្រសួងដោះស្រាយ​ផលប៉ះពាល់ កំពុងខិតខំសិក្សា​ស្រាវជ្រាវ ដើម្បីឈាន​ដល់ការ​ដោះស្រាយគោល​នយោបាយ​ជូនបងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​អាស្រ័យ​ផល​ពិតប្រាកដ ក្នុងរង្វង់ដីចំការ​បារាំង​ទំហំ​ប្រមាណ ២៨០ហិកតា ស្ថិត​នៅ​ឃុំ​ពួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលនោះ​ហើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close