អភិបាលស្រុកកោះកុង នឹងបញ្ចូនសំណុំរឿងទៅតុលាការ ករណីអ្នករឹងទទឹងមិនអនុវត្តវិធានការរុះរើសំណង់បែបអាណាធិបតេយ្យ និងកាយអាចម៍ដីចេញពីមាត់ព្រែកតាតៃ

កោះកុង ៖ បើទោះបីជាអាជ្ញាធរស្រុកកោះកុង បានដាក់បទបញ្ជាអោយម្ចាស់ទីតាំងដីចំនួន៥ទីតាំង ដែលបានលួចសាងសង់កញ្ចុះ សំណង់អាណាធិបតេយ្យ និងចាក់អាចម៍ដីរំលោភបំពានចូលចំណីព្រែកក្នុងឃុំតាតៃ ដោយពុំខ្លាចញញើតច្បាប់ ជីកកកាយអាចម៍ដី រុះរើកញ្ចុះ និងវាយកម្ទេចសំណង់ ចេញពីចំណីព្រែកឡើងវិញ ដោយទុកឱសានវាទចំនួន១ខែ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១តទៅ ក៏ប៉ុន្តែមកទល់និងពេលនេះ ឃើញថា លោក គិន ប៊ូកាន ដែលជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង នៅពុំទាន់បានអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរស្រុកកោះកុងនៅឡើយ បើទោះបីជាឱសានវាទបានហួសរយះពេល៩ថ្ងៃហើយយ៉ាងណាក្តី ។

ជុំវិញបញ្ហាដែលលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុងមិនព្រមអនុវត្តតាមបទបញ្ជាអាជ្ញាធរស្រុកកោះកុងនោះ លោកអភិបាលស្រុកកោះកុង អះអាងថា បើម្ចាស់ដីណានៅតែរឹងទទឹងមិនពុំព្រមអនុវត្តតាមវិធានការរបស់រដ្ឋបាលស្រុកតាមការកំណត់ពេលវេលារុះរើកញ្ចុះ និងជីកកាយអាចម៍ដីដែលបំពានចូលចំណីព្រែកចេញពីមាត់ព្រែកតាតៃទេនោះ គឺខាងអាជ្ញាធរ និងបញ្ចូនសំណុំរឿងទៅតុលាការបន្ត ។

ក្នុងចំណោមម្ចាស់៥នាក់ខាងលើ មាន៤ម្ចាស់ទីតាំងហើយដែលបានអនុវត្តជីកកាយអាចម៍ចេញពីមាត់ព្រែកតាតៃតាមការដាក់បទបញ្ជារបស់រដ្ឋបាលស្រុកកោះកុង ចំណែកម្ចាស់ដី១ម្នាក់ទៀតគឺឈ្មោះ គិន ប៊ូកាន ហាក់ពុំអើពើនឹងអនុវត្តតាមឡើយ ។

លោក ជា សូវី អភិបាលស្រុកកោះកុង បានឱ្យដឹងថា សប្តាហ៍ក្រោយនេះ លោកនឹងចាត់អភិបាលរងទទួលបន្ទុក និងក្រុមមន្រ្តីជំនាញចុះទៅទីតាំងផ្ទាល់ពិនិត្យវាយតម្លៃអំពីអនុវត្តវិធានការខាងលើ ដោយធ្វើរបាយការណ៍បញ្ចប់ចុងក្រោយមួយបញ្ចូនទៅរដ្ឋបាលខេត្ត ។

លោកអភិបាលស្រុកកោះកុង អះអាងថា រឿងនេះមិនពិបាកយល់ទេ បើគាត់មិនអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរ ក្នុងការរុះរើសំណង់បែអាណាធិបតេយ្យ និងជីកកាយអាចម៍ដីចេញពីមាត់ព្រែកតាតៃតាមវិធានរដ្ឋបាលស្រុក ខាងអាជ្ញាធរ មានតែបន្តបញ្ចូនសំណុំរឿងទៅតុលាការហើយ បើទោះបីជា លោក គិន ប៊ូកាន អាងខ្លួនជាមន្រ្តីបម្រើការងារនៅមន្ទីរទេសចរណ៍ខេត្តកោះកុង ឬអួតអាងថាខ្លួនមានខ្សែខ្នងធំយ៉ាងណាក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close