រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​-១៩​ថ្មី ៦​នាក់ ជា​អ្នករស់នៅ​ក្នុងភូមិ​គោក​ត្នោត

​ខេត្តសៀមរាប​៖ នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​-១៩​ថ្មី​ចំនួន ៦​នាក់​បន្ថែមទៀត ដែល​សុទ្ធសឹង​ជា​អ្នករស់នៅ​ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង និង ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ នួន ហាន់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​ក្នុងឱកាស​នោះដែរ រដ្ឋបាល​ខេត្តសៀមរាប បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ទាំងអស់នេះ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៣១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៦៨​នាក់ , កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន​៦១​នាក់ និង ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ០២​នាក់ ដែល​គាត់​ទាំងពីរ​នាក់ ជា​អ្នកជំងឺ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹង​គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close