ផ្ទុះរឿងអាស្រូវរបស់នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង និងមេស្នាក់ការបរិស្ថាន បណ្តោយ​ឲ្យ​មានបទល្មើសនេសាទ

កំពង់ធំ ៖ ប្រភពពីប្រជាពលរដ្ឋថា ប៉ុន្មានចុងក្រោយនេះ លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាងធ្លាក់ដៃមិនហ៊ានលើកដៃបង្ក្រាបរាល់បទល្មើសនេសាទទេ ព្រោះប្រពន្ធខ្លួនឯងបានទៅឈរជើងនៅនិងស្នាក់ការចាំទិញត្រីពីបទល្មើសនេសាទតែម្តង។

ចំណែកលោកផាន់ សុផុន ដែលជាមេស្នាក់ការបរិស្ថានឈរជើងជាមួយលោក ហុក មុន នៅក្នុងភូមិសាស្ត្រភូមិបឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំវិញ ក៏​កំពុង​ល្បីខាងកាងបទល្មើសនេសាទគ្រប់រូបភាព ហើយនិងដើរប្រមូលលុយពីបទល្មើសនេសាទ រាប់ឆ្នាំមកហើយ។

បើតាមបងប្អូនប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបថា ពួកគាត់តែងឃើញសកម្មភាពពុករលួយជាប្រព័ន្ធរបស់មន្ត្រីគ្រាប់ល្ពៅ ជាមួយ​ថៅកែឡូត៍នេសាទ កើតឡើងរាប់ឆ្នាំហើយ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចេះតែមើលរំលងហើយគ្មានការផ្លាស់ប្ដូរមន្រ្តីសោះ ដោយ​ទុកឲ្យ​មន្ត្រីពុករលួយ​ចាក់គ្រឹះដុះស្លែ រួច​រួមដៃគ្នាបំផ្លាញធនធានមច្ឆាជាតិ ជាក់ស្ដែងរបាំងស្បៃមុងពណ៍ខៀវ ក្រហម ណូរ៉ាវ ឆក់ត្រជាក់ឆក់ក្ដៅ មានគ្រប់រូបភាពតែមិនដែលឃើញការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ ហើយ​នៅពេលដែលអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍មន្ត្រីទាំងនោះតែងតែឆ្លើយដាក់ថា ប្រជាពលរដ្ឋ ក៏ប៉ុន្តែយកលុយពីប្រជាពលរដ្ឋជារៀងរាល់ឆ្នាំដើម្បីរួមគំនិតគ្នាបំផ្លាញមច្ឆាជាតិទាំងតូចទាំងធំ ។

ចំពោះ​ករណីទាំងនេះ យើង​មិន​នៅ​មិនទាន់អាចទាក់ទងសុំ​ការ​បំភ្លឺពី​លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង និងលោកផាន់ សុផុន មេស្នាក់ការបរិស្ថានបាននៅឡើយទេនៅថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close