ត្រដក់​ធំ​ជាង ២០០​គូ កំពុងមាន​វត្ត​មាននៅ​កម្ពុជា

ត្រដក់​ធំ មានឈ្មោះ​ជា​ភាសា អង់គ្លេស Greater Adjutant និង​ឈ្មោះ​វិទ្យាសាស្ត្រ Leptoptilos dubius​។ ត្រដក់​ធំ ជា​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​លើ​ពិភពលោក ដែលមាន​នៅក្នុង​បញ្ជី​ក្រហម​របស់​IUCN ហើយ​ប្រភេទ​នេះ មាន​វត្ត​មាននៅ​ប្រទេស បង់​ក្លា​ដេ​ស នេ​ប៉ាល់ ភូមា ថៃ វៀតណាម និង​មាន​កន្លែង​បន្ត​ពូជ​តែ​នៅ​ប្រទេស​ឥណ្ឌា​និង​កម្ពុជា​ប៉ុណ្ណោះ​។ ចំនួន​សរុប​សត្វ​ប្រភេទ​នេះ​មាន​ក្នុង​ពិភពលោក ត្រូវបាន​ប៉ាន​ប្រមាណ​ក្នុង​ចន្លោះ​៨០០​ទៅ​១២០០​ក្បាល (​ភាគច្រើន​មាន​ក្នុងប្រទេស​ឥណ្ឌា និង​កម្ពុជា ) ។

​វា​មាន ប្រវែង​ខ្លួន ១៤៥-១៥០​ស​.​ម សត្វ​ពេញវ័យ​៖ បណ្តោយ​ដងខ្លួន​ធំ ឆ្នូត​ផ្ទាំង​ស្លាប​លើ​ពណ៌​ប្រ​ផះ មាន​រោម​ស​នៅ​គល់​ក​។ ពេល​បន្ត​ពូជ​៖ មាន​ពណ៌​ខ្មៅ​គល់​ចំពុះ និង​ក​ពណ៌​ស្លា​ទុំ​។

​ទីជម្រក ៖ ព្រៃរនាម​(​ព្រៃ​លិច​ទឹក​តាម​រដូវ​) តំបន់ដីសើម និង​ព្រៃ​ល្បោះ មានប​នា្ទ​យ​ពង​កូន​យ៉ាង​ធំ​នៅ​តំបន់​រ៉ា​ម​សា រ ព្រែក​ទាល់ ដែលជា​តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ប្រទេស​កម្ពុជា និង​ជាប​នា្ទ​យ​ពង​កូន​ធំជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​ជា​បន្ទាយ​ពង​កូន​ធំជាងគេ​ទី​ពីរ​នៅលើ​ពិភពលោក បន្ទាប់ពី​តំបន់​អា​សាម ប្រទេស​ឥណ្ឌា​។

​លក្ខណៈ​ជីវសាស្ត្រ​៖ ស៊ី​ត្រី កណ្តុរ កង្កែប និង​ជួនកាល​ស៊ី​គំរង់ និង​ស៊ី​កូន​សត្វ​ស្លាប​ដទៃ​នៅ​រដូវ​បន្ត​ពូជ​ម្តងម្កាល​។

​រដូវ​បន្ត​ពូជ​៖ ចាប់ពី​ខែវិច្ឆិកា ដល់​ខែមេសា មាន​ពង​ចំនួន​ពី​២-៤​។ បន្ទាប់ពី​បន្ត​ពូជ​ពង​កូន​នៅ​តំបន់​បឹង​ទន្លេសាប ប្រភេទ​នេះ​បាន​នាំ​កូនចៅ​ផ្លាស់​ទី ទៅកាន់​តំបន់ ដី​សើម​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា និង​ប្រទេសជិតខាង​ដើម្បី​រស់នៅ និង​រក​ចំណី​។ ជាក់ស្តែង​ត្រដក់​ធំ​តែងមាន​វត្តមាន​ជាប្រចាំ​នៅ​អាហា​រដ្ឋា​ន​ត្មាត​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង​ចាប់ពី​ខែសីហា ដល់​ខែកញ្ញា និង​មាន​វត្ត​មាននៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ខេត្តតាកែវ​ចន្លោះ​ចាប់ពី​ខែមិថុនា ដល់​ខែសីហា​។ សត្វ​នេះ ត្រឡប់​មកកាន់​តំបន់​បឹង​ទន្លេ សាប វិញ នៅ​រដូវ​បន្ត​ពូជ​។ កត្តា​គំរាមកំហែង​សំខាន់ៗ ទៅលើ​ប្រភេទ​នេះ​គឺ​៖ ការ​ប្រមាញ់ និង​ប្រមូល​ពង​កូន​ពី​កន្លែង​បន្ត​ពូជ ការជួញដូរ ការបាត់បង់​ទីជម្រក និង​ការរំខាន​ដោយ​សកម្មភាព​មនុស្ស​។

​ប្រភេទ​ត្រដក់​ធំ​នេះ ត្រូវបាន​ការពារ​យ៉ាង​តឹងរឹង នៅតាម​តំបន់ការពារធម្មជាតិ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន ជាពិសេស​កន្លែង​បន្ត​ពូជ​ពង​កូន នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ហើយក៏​បាននិងកំពុង អនុវត្ត​កម្មវិធី​ពិនិត្យ អង្កេត​តាមដាន ពី​បម្រែបម្រួល​ចំនួន​ប្រភេទ​នេះ​ផងដែរ ដែល​បច្ចុប្បន្ន​មាន​ចំនួន​សរុប​២០០​គូ​ដែល​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​ជា​៥០% នៃ​ចំនួន​ត្រដក់​ធំ​សរុប​ទូទាំង​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close