ជំនន់​ទឹកស្ទឹង​ព្រឹក​ត្នោត ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​! សូម​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​បង្ការ​!

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដង្កោ បានចេញ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​ទំ​លំនៅ​ជាប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ដោយសារ​បច្ចុប្បន្ន​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើងជា​បន្តបន្ទាប់ បណ្តាលមកពី​ជំនន់​ផ្នែក​ខាងលើ​ធ្វើឱ្យ​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ មាន​កម្ពស់​ហក់​ឡើងដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ដែល​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិត ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត ត្រូវ​ត្រៀម​សម្ភារ និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ​ជៀសវាង​ការបាត់បង់​សម្ភារ និង​អាយុជីវិត​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​ខណ្ឌដង្កោ សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត នូវ​ស្ថានភាព​ទឹក ដើម្បី​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ជា​បន្តបន្ទាប់​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close