គម្រោង​ស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេចបាន ៨៣,៨៧%​ហើយ គ្រោង​បញ្ចប់ នៅ​ចុងខែ​ធ្នូ​នេះ​!

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំ ការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អញ្ជើញ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹងថា វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១​ខែ សម្រេចបាន​៨៣,៨៧%​នៃ​ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​)​។ គម្រោង​នេះ​គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុង ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​។​

​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការ រស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់ ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

​គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨ ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩.២១៦.៥៩៥ ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយ ពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកជំនាញ​បច្ចេកទេស និង​ថ្នាក់ដឹកនាំ នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ខណៈពេល​ដែល​ក្រសួង មាន​សម្ភារៈ ត្រួតពិនិត្យ​បច្ចេកទេស​បច្ចេកវិទ្យា​ទំនេ​ី​ប​មួយចំនួន ហេ​ី​យ​នោះ ក្រសួង​ក៏បាន​បញ្ជា​ទិញ សម្ភារៈ​ត្រួតពិនិត្យ មួយចំនួនទៀត យកមក​ប្រេ​ី​ប្រាស់ ដេ​ី​ម្បី​ធានាថា ផ្លូវ​ទាំង ៣៨​ខ្សែ​ត្រូវបាន​សាងសង់​ស្របតាម លក្ខណៈ​បច្ចេកទេស ជាប់​គង់វង្ស​យូ​អង្វែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close