គ្រឿងញៀនជាង ២៥គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ តុលានេះ បានបង្ហាញមុខជនសង្ស័យចំនួន ៣នាក់ ករណីបង្ក្រាបជួញដូរគ្រឿងញៀនជាង ២៥គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅ៣ចំណុចផ្សេងគ្នា ជាបន្តបន្ទាប់ គឺទី១.នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២.នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប និងទី៣.នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង ៣នាក់នោះ ១-ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ លាង ម៉ាប់)។
ចំណែកវត្ថុតាងចាប់យកបាន សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម
(មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច មេតំហ្វតាមីន(WY) ៧៨៥គ្រាប់) ជញ្ជីថ្លឹង ១គ្រឿង រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ៦គ្រឿង លុយខ្មែរ ៧,៩៥៥,០០០រៀល លុយថៃ ៤៦,៣៥០បាត លុយអាមេរិក ២៥,៨៨៥ដុល្លារ គ្រឿងអលង្ការ និងបង្កកផ្ទះ ២កន្លែង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។