ភ្នំភ្លើង​នៅ​ប្រទេស​ជប៉ុន​កម្រើកខ្លួន​អាច​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​

ក្រុម​ជំនាញ​ជប៉ុន​បានប្រកាស នៅ​ថ្ងៃទី​២៦​ខែតុលា​ថា ភ្ន​ភ្លើង Aso អាច​នឹង​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​នៅពេល​ខាងមុខ ខណៈ​មានការ​ញ័រ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ជាស​ញ្ញា​នៃ​ការ​កម្រើកខ្លួន​របស់​ភ្នំភ្លើង​អាច​ផ្ទុះឡើង​គ្រប់ពេល​។​

​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ហៅ​កាត់​ថា JMA បានចេញ​សេចក្តី​ព្រមាន​ថ្មី​មួយ នៅ​ថ្ងៃ ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ​ថា កម្រិត​នៃ​ការរញ្ជួយ​ភ្នំភ្លើង​នៅត្រង់​រណ្ដៅ​ទី ១ ឈ្មោះ ណា​កា​ដា​កិ (No.1 Nakadake) នៃ​តំបន់​ភ្នំភ្លើង Aso បាន​កើនឡើង​យ៉ាងខ្លាំង គិត​ចាប់តាំងពី​យប់​ថ្ងៃអាទិត្យ​សប្តាហ៍​មុន មកទល់នឹង​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ បន្ទាប់ពី​ការផ្ទុះ​ភ្នំភ្លើង នៅត្រង់​រណ្តៅ​ដែលមាន​មុខកាត់​ជាង ១,៥០០​ម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​, JMA បាន​បង្កើន​ការប្រកាសអាសន្ន​ភ្នំភ្លើង​ដល់​កម្រិត​ទី ៣ ក្នុងចំណោម​កម្រិត​ទាំង ៥ និង​ហាមឃាត់​ការចូល​ទៅកាន់ តំបន់ភ្នំ​ភ្លើង​នោះ​ក្នុង​រង្វង់ ២​គីឡូម៉ែត្រ​។

​គួរបញ្ជាក់​តាម JMA ឲ្យ​ដឹងថា ផេះភ្នំភ្លើង​បាន​ជះ​ចេញ​ក្នុង​រយៈកម្ពស់ ១ គីឡូម៉ែត្រ​ពី​មាត់​រណ្ដៅ ហើយ​លំហូរ​កម្ទេចផេះ​ពី​មាត់​រណ្តៅ​វិញ​គឺមាន​ប្រវែង ១.៣​គីឡូម៉ែត្រ នៅ​ភាគ​ខាងលិច​នៃ​រណ្ដៅ​នេះ​។ វា​ជា​កម្រិត​ធ្ងន់ធ្ងរ​លើកដំបូង​ហើយ គិត​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៦​។ មិនមាន​សេចក្តីរាយការណ៍​ថា មាន អ្នក ស្លាប់ និង របួស ក្នុង​ហេតុការណ៍​ផ្ទុះ​កាល ពី សប្តាហ៍ មុន នោះទេ​។ ដោយឡែក​អ្នក ឡើង ភ្នំ ចំនួន ១៦ នាក់ បាន ធ្វើ ដំណើរ ចុះ មក វិញ​ដោយ​គ្មាន របួស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close