តំបន់​អាស៊ី​និង​អឺ​រុ​ប​កំពុង​ប្រឈម​នឹង​ការវាយលុក​នៃ​គ្រុនផ្តាសាយ​បក្សី​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​អង្គការ​ពិភពលោក​សម្រាប់​សុខភាព​សត្វ (OIE)​បានប្រកាសថា មាន​ករណី​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​។​

​សារព័ត៌មាន CNN បាន​ផ្សាយ​ថា ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សា គឺជា​ការគំរាមកំហែង​ដល់​បណ្តា​កសិដ្ឋាន​ចិញ្ចឹមសត្វ ។​ការឆ្លង​នេះ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ប​សុ​បក្សី​ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង បន្ទាប់ពី​ការផ្ទុះ​ឡើង​លើក​មុនៗ ដែល​បាន​នាំឱ្យ​មានការ​សម្លាប់សត្វ​បក្សី រាប់សិប​លាន​ក្បាល​។ ការផ្ទុះ​ឡើង​ក៏​នាំឱ្យ​មានការ​រឹតបន្តឹង ផ្នែក​ពាណិជ្ជកម្ម​ផងដែរ​។ វា​ក៏​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍ អ្នកជំនាញ​ខាង​ផ្នែក​ជំងឺឆ្លង​ផងដែរ ព្រោះ​ជំងឺ​នេះ​អាច​ចម្លង​ទៅ​មនុស្ស​បាន​។ រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការរកឃើញ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី (H5N6) ទៅកាន់​មនុស្ស​ចំនួន ២១​នាក់​រួចមកហើយ​។​

​អង្គការ OIE បានប្រកាសថា អាជ្ញាធរ​កូរ៉េខាងត្បូង​ថា ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ពី​ការរកឃើញ ការផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ប្រហែល ៧៧០,០០០​ក្បាល ស្ថិតក្នុង​ខេត្ត ឆឹង​ឆុង​បាក់​ដូ (Chungcheongbuk-do) ហើយ​សត្វ​មាន់​ទាំងអស់នោះ ត្រូវបាន​យកទៅ​សម្លាប់ចោល​តែម្ដង​។​

​អង្គការ OIE បាន​គូសបញ្ជាក់​បន្ថែមថា ប្រទេស​ជប៉ុន​ក៏បាន​រាយការណ៍​ពី​ការរកឃើញ ការផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ជា​លើកដំបូង​របស់ខ្លួន សម្រាប់​រដូវរងា ឆ្នាំ​២០២១​នេះ​ផងដែរ នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។ ការផ្ទុះ​ឡើង​នេះ គឺជា​ជំងឺ​គ្រុនផ្ដាសាយ​បក្សី «H5N8»​។​

​ចំណែក​នៅ​ទ្វីបអឺរ៉ុប ប្រទេស​ន័​រវេ​សបាន​រាយការណ៍​ពី​ការរកឃើញ ការផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនផ្តាសាយ​បក្សី (H5N1) នៅក្នុង​តំបន់ រ៉ូ​ហ្គា​លែ​ន (Rogaland) ក្នុង​ហ្វូង​សត្វ​បក្សី​ចំនួន ៧,០០០​ក្បាល ខណៈ​ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ចំពោះមុខ​ការកើនឡើង​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដោយ​បញ្ជា​ឱ្យ​រក្សាទុក​សត្វ​បក្សី​ទាំងអស់ នៅ​ទីកន្លែង​បិទ​ជិត នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ បន្ទាប់ពី​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ​ផ្សេងៗ​គ្នា ត្រូវបាន​រកឃើញ​នៅលើ​សត្វ​ក្ងាន​ព្រៃ នៅ​ជិត​ទីក្រុង Antwerp៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close