សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ចិន​ចំនួន​២​លាន​ដូ​ស

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន ២​លាន​ដូ​ស​បន្ថែមទៀត
​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​ប្រទេស​ចិន បានក្លាយ​ទៅជា​ប្រទេស​ឈានមុខ​គេ​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​មកដល់​ប្រទេស​កម្ពុជា​។ ចិន​ក៏​ជា​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​មុនគេ មកកាន់​កម្ពុជា​ផងដែរ គឺ​ផ្តល់​មកដល់​ដំបូង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​។

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា អាយុ​ចាប់ពី​៥​ឆ្នាំ​ឡើង បាន​ចំនួន​សរុប​ជាង ១៤​លាន​នាក់ ស្មើនឹង​ជិត ៨៨​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៦​លាន​នាក់​។ វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បានក្លាយ​ទៅជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការជួយ​ឱ្យ​កម្ពុជា សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​លឿន​ជាង​ផែនការ​។

ការសម្រេចបាន​នូវ​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដ៏​លឿន​នេះ បានធ្វើឱ្យ​កម្ពុជា​អាច​យកឈ្នះ​លើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ឈានដល់​ការបើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើងវិញ​ដូច​ពេល​បច្ចុប្បន្ននេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close