ក្រសួងសុខាភិបាល សម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមគន្លងបក្រតីភាពថ្មី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មីដូចខាងក្រោម៖
១-អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។ ពេលមកដល់កម្ពុជា ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩(Rapid Test)នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។បន្ទាប់ពីទទួលបានលទ្ធផលតេស្តវី៥-១៩អវិជ្ជមាន បុគ្គលមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ និងអាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា។ ក្នុងករណីទទួលបានលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាលឬបញ្ជូនទៅកន្លែងព្យាបាលដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។
២-ចំពោះអ្នកដំណើរដែលមិនបានចាក់វាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយធ្វើដំណើរចូលមកកម្ពុជាតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Test) នៅច្រកចូលប្រទេសហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន បុគ្គលតម្រូវឱ្យធ្វើចត្តាឡីស័ករយះពេល ១៤ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី១៣ នៃការធ្វើចតាឡីស័ក។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាលឬបញ្ជូនទៅកន្លែងព្យាបាល ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។ អ្នកដំណើរត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក។ ក្នុងករណីពុំមានការកក់សណ្ឋាគារ ត្រូវត្រៀមសាច់ប្រាក់ចំនួន ២,០០០ដុល្លារអាមេរិក( សម្រាប់អ្នកដំណើរបរទេស) ដើម្បីតម្កល់នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចតាឡីស័កក្នុង អំឡុងពេលធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។
៣-ក្នុងករណីត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរមកកម្ពុជា អ្នកដំណើរត្រូវស្នើសុំទិដ្ឋាការដែលមានសុពលភាព ស្របតាមនីតិវិធីនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ពីសំណាក់ស្ថានទូតកម្ពុជាឬពីស្ថានកុងស៊ុលកម្ពុជា។ការស្នើសុំ ទិដ្ឋាការត្រូវធ្វើឡើងមុនចេញដំណើរមកកម្ពុជាដោយរាជរដ្ឋាភិបាលកម្ពុជា មិនទាន់អនុញ្ញាតឱ្យមានទិដ្ឋាការនៅពេលមកដល់(Visa on Arrival) នៅឡើយ។ អ្នកដំណើរដែលកាន់លិខិតឆ្លងដែននៃប្រទេសដែលមិនតម្រូវឱ្យស្នើសុំទិដ្ឋាការ អាចធ្វើដំណើរមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។