ក្រុមគ្រួសារជនរងគ្រោះ អំពាវនាវ​ឲ្យមានការដោះលែងមនុស្ស​គ្មាន​កំហុស​ករណីកាប់ព្រៃ​នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ក្រុម​គ្រួសាររបស់​លោក ងិន ស្រី អាយុ​៣៤ឆ្នាំ រស់​នៅ​ភូមិ​កណ្តាល ឃុំ​ផ្ទះរុង ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ បានធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​ លោក ជាវ តាយ អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ជួយ​ពិនិត្យ និង​ដោះ​លែង​ជនរងគ្រោះ​ម្នាក់នេះ ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធនឹង​ការ​កាប់រានដីព្រៃ។

ក្រុមគ្រួសារលោក ងិន ស្រី ស្វែង​រកអន្តរាគមន៍

បើតាម​លោកស្រី ស៊ី ណែត បងរបស់ជនរងគ្រោះបាននិយាយថា ប្អូនរបស់អ្នកស្រីត្រូវ​បាន​បុគ្គលម្នាក់​ដែលមានឈ្មោះ ប៊ុន ប៊ន បានជួលទៅ​ឲ្យ​កាប់ឆ្កាដីនៅ​ចំណុច​អូរសោម ដោយ​ឈ្មោះនេះអះអាងថា ដីរបស់គេបានកាន់កាប់ដោយស្របច្បាប់​រយៈពេល​ជាយូរមកហើយ ។

អ្នកស្រីបន្តថា ខណៈ​ដែល​ប្អូនរបស់អ្នកស្រុក​កាប់ឆ្ការព្រៃ​ដើម្បីប្តូរ​យក​ប្រាក់​ដើម្បី​ចិញ្ចឹមគ្រួសារនោះ ក៏​មាន​សមត្ថកិច្ច ក៏​ដូចជា​ខាងបរិស្ថាន បានមក​ចាប់ខ្លួនប្អូនរបស់អ្នកស្រី​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ចោទប្រកាន់ថា ប្អូនរបស់អ្នកស្រីមកកាប់រានដីរបស់រដ្ឋ។

ដីព្រៃដែលគេជួលឲ្យលោក ងិន ស្រី ឆ្កា

បើគិតមកទល់ពេលនេះ ប្អូនប្រុសរបស់អ្នកស្រី ស៊ីណែត បានជាប់ពន្ធនាគារ​អស់រយៈពេល​ប្រមាណ ៣ខែហើយ ខណៈ​ដែល​ទីតាំងដីដែលប្អូនរបស់អ្នកស្រីកាប់ឆ្កានោះ ត្រូវ​ឈ្មោះ ប៊ុន ប៊ន លក់បន្ត​ទៅ​ឲ្យ​អ្នកផ្សេង​ទៀតយកលុយ​បាត់ទៅហើយ ដោយ​ពុំ​ខុសច្បាប់នោះឡើយ តែប្អូនរបស់អ្នកស្រីបែរជា​ត្រូវ​ជាប់ពន្ធនាគារ​ទៅវិញ។

ករណីនេះ ក្រុមគ្រួសាររបស់លោក ងិន ស្រី បានព្យាយាមស្វែង​រកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ​ប៉ុន្តែគ្មានដំណោះស្រាយ​ឡើយ រហូត​ទៅ​សុំ​អន្តាគមន៍​ពីលោក ជាវ តាយ អភិបាល​ខេត្ត​ពោធិ៍សាត់ ថែមទៀត ប៉ុន្តែគេមិន​ឲ្យ​ចូលជួប ដោយ​បាន​ត្រឹម​តែ​អង្គុយ​នៅ​ខាងមុខ​សាលា​ខេត្ត​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោកស្រី ស៊ីណែត បានធ្វើការអំពាវនាវដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​លោក​អភិបាលខេត្តពោធិ៍សាត់ដែលទើបឡើងកាន់តំណែងថ្មី សូម​ជួយ​ពិនិត្យ​សំណុំរឿង​របស់​ប្អូនប្រុស​អ្នក​ស្រីឡើងវិញផង ដោយ​ប្អូនប្រុសអ្នកស្រីគ្រាន់តែជាជនរងគ្រោះ​ប៉ុណ្ណោះ ខណៈ​ម្ចាស់​ដីពិតប្រាកដ គេបានលក់ដូរដីនោះ​ដោយ​គ្មា​នខុស​ច្បាប់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close