រយៈពេល​៣ថ្ងៃនៃបុណ្យអុំទូក ភ្ញៀវទេសចរចេញដើរកម្សាន្តជាង៩០ម៉ឺននាក់

បើតាមឯកឧត្ដម ថោង ខុន ដែលបានមានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។

ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖

* ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់

* ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១

* ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧.២៨%។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។

ឯកឧត្ដមបានបន្តថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close