វិបត្តិ​កូ​វីដ​-១៩ នៅ​វៀតណាម បំផ្លាញ​សេដ្ឋកិច្ច​អស់ ៣៧​ប៊ី​លាន​ដុល្លារ​

​ហាណូយ​៖ អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច​មជ្ឈិម​របស់​វៀ​ត​ណា​ម​លោក Nguyen Thanh Phong បានបញ្ជាក់​ក្នុង​វេទិកា​មួយ​ស្តីពី​ផែនការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថា បើ​គ្មាន​ការ​រាតត្បាត​ជំ​ងឹ​នេះ​ទេ សេដ្ឋកិច្ច​វៀតណាម​នឹង​បាន​កើនឡើង ៧​ភាគរយ​។

​ទន្ទឹមនេះ អត្រាកំណើន​សេដ្ឋកិច្ច​បា​ន​កើនឡើង​តែ ២,៩១​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២០ ហើយ​ត្រូវបាន​រំពឹងថា នឹង​កើនឡើង ២,៥​ភាគរយ​នៅ​ឆ្នាំ​២០២១ ដោយ លោក​បាន​និយាយថា ការខាតបង់​សេដ្ឋកិច្ច​នេះ​មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​ចំនួន ៨៤៧​ទ្រី​លាន​ដុង ឬ​ស្មើនឹង ៣៧​ប៊ី​លាន​ដុល្លារ បើ​គិត​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​។

​លោក Phong ជឿជាក់ថា វា​ចាំបាច់​ដែល​ត្រូវមាន​កញ្ចប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​មួយ សម្រាប់​ធ្វើជា​វិធានការ​កាត់បន្ថយ​ការខាតបង់ ដែល​កញ្ចប់​ស្តារ​សេដ្ឋកិច្ច​នេះ​មាន​កម្លាំងចលករ​សំខាន់ៗ​ចំនួន​៤ ដូចជា​ការវិនិយោគ ការនាំចេញ ការប្រើប្រាស់​ក្នុងស្រុក និង​ការផ្លាស់ប្តូរ​ទៅជា​ឌីជីថល​។​

​ជាមួយគ្នានេះ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​របស់​សភាជាតិ​វៀតណាម​លោក Vu Hong Thanh បាន​យល់ស្រប​ថា កញ្ចប់​ស្តារ​សេដ្ឋកិច្ច​រួម ត្រូវ​ផ្តោតលើ​ការជំរុញ ការផ្គត់ផ្គង់ និង​តម្រូវការ ដែល​បាន​ថមថយ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ លោក Thanh បន្តថា កញ្ចប់​នេះ​ក៏ត្រូវ​អនុវត្ត​ភ្លាមៗ និង​ត្រូវបាន​សម្របសម្រួល​ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា​ផងដែរ​។ ​កញ្ចប់​នេះ​ត្រូវតែ​ជា​កញ្ចប់​ដែល​ធំ​គ្រប់គ្រាន់ និង​ផ្តោតលើ​ឧស្សាហកម្ម និង​វិស័យ​នានា​ដែល​អាច​ស្តារឡើងវិញ​បាន​ឆាប់រហ័ស​ប្រកបដោយ​វត្ថិ​ភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close