Meta ទាញយករាល់ការបង្ហោះរបស់អ្នកប្រើប្រាស់ ទៅបណ្តុះបណ្តាលគំរូ AIថ្មី

រាល់មាតិកាដែលមនុស្សពេញវ័យក្នុងចក្រភពអង់គ្លេស បានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram នោះ នឹងត្រូវក្រុមហ៊ុន Meta យកទៅប្រើប្រាស់ទាំងអស់ ដើម្បីបណ្តុះបណ្តាលគំរូ AI ថ្មី។ ដំណើរការនេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន Meta ផ្ទាល់ និងបន្ទាប់ពីបានផ្អាកការបណ្ដុះបណ្ដាលមួយរយៈ ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់មួយចំនួន។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់ទាំងរូបថត, Caption និង Comment ដែលបានបង្ហោះជាសាធារណៈដោយមនុស្សពេញវ័យនៅចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលគំរូ AI ថ្មីដែលក្រុមហ៊ុនទើបបង្កើត ហើយបានបន្ថែមថា ខ្លឹមសារបណ្តុះបណ្តាលនេះ នឹងមិនរួមបញ្ចូលសារឯកជន ឬព័ត៌មានសម្ងាត់ពីគណនីរបស់អ្នកប្រើប្រាស់ក្រោមអាយុ ១៨ឆ្នាំឡើយ។ ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពី Meta កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ បានផ្អាកការចាប់ផ្តើមនៃម៉ូដែល AI នេះនៅអឺរ៉ុប បន្ទាប់ពីនិយតករឯកជនភាពអៀរឡង់ ប្រាប់ឱ្យពន្យារពេលសិន ដើម្បីពិនិត្យលើបញ្ហាផ្លូវច្បាប់។ Meta បានប្រកាសថា «ចាប់តាំងពីយើងបានផ្អាកការបណ្ដុះបណ្ដាលគំរូ AI ជំនាន់ថ្មីរបស់យើងមក គឺធ្វើឲ្យយើងមានពេលក្នុងការរកដំណោះស្រាយផ្លូវច្បាប់នៅចក្រភពអង់គ្លេស ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់និងប្រាកដប្រជាថា រាល់ដំណើរការនេះ នឹងជួយយើងនាំយក AI ទៅកាន់ផលិតផលរបស់ Meta នៅចក្រភពអង់គ្លេសកាន់តែឆាប់»។

គួរជម្រាបថា ចំពោះដំណើរការនេះ Meta បានបញ្ជាក់ថាអ្នកប្រើប្រាស់ Facebook និង Instagram នៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមទទួលបានការជូនដំណឹងក្នុងកម្មវិធីដែលពួកគេប្រើប្រាស់ចាប់ពីសប្តាហ៍ក្រោយនេះតទៅ ដោយពន្យល់ពីនីតិវិធីរបស់ក្រុមហ៊ុន និងរបៀបដែលអ្នកប្រើប្រាស់អាចជំទាស់បាន ប្រសិនបើពួកគេមិនចង់ឲ្យក្រុមហ៊ុនយកការបង្ហោះរបស់ពួកគេទៅប្រើប្រាស់៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close