រដ្ឋបាល​ក្រុង​សៀមរាប បើក​យុទ្ធនា​ការសម្អាត​ទឹកស្ទឹង​សៀមរាប​

​សៀមរាប​៖ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​ម្សិលមិញ រដ្ឋបាល​ក្រុង​សៀមរាប សហការ​ជាមួយនឹង​អង្គការ COMPED រួមជាមួយ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្តសៀមរាប និង​មាន​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ផែនដី​មួយ សាគរ​មួយ បើក​យុទ្ធនា​ការសម្អាត​ទឹកស្ទឹង​សៀមរាប ដែលជា​គម្រោង​សាកល្បង​របស់​អង្គការ COMPED ក្នុង​រយៈពេល​៣​ខែ សម្រាប់​ការសម្អាត​ទឹកស្ទឹង​សៀម​រា​។​

​លោក សំ ផល្លា នាយក​អង្គការ​កែច្នៃ​សំរាម​និង​ការសិក្សា​នៅ​កម្ពុជា ហៅ​កាត់​ថា COMPED បាន​ឲ្យ​ដឹងថា យុទ្ធនាការ​សម្អាត​ទឹកស្ទឹង​សៀមរាប​នេះ កំពុងស្ថិត​ក្នុង​រយៈពេល​នៃ​ការសាកល្បង​ដើម្បី​សិក្សា​អំពី​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន និង​មិនទាន់​បានបញ្ជាក់​ច្បាស់​ថា ក្រោយ​ការសិក្សា គម្រោង​នេះ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ទោះជា​មានការ​លំបាក​ក្នុង​ទម្ងន់​ណាក៏ដោយ គម្រោង​នេះ​ពិតជា​មិន​រាថយ​នោះឡើយ ហើយ​ឧបករណ៍​ដែល​បំពាក់​នៅលើ​ទូក Seehamster មាន​តួនាទី​ត្រឹមតែ​ការប្រមូល​សំរាម​នៅលើ​ផ្ទៃ​ទឹកតែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​ស្ទឹង​សៀមរាប នឹងត្រូវ​បំពេញ​តួនាទី​ដែលមាន​ទម្ងន់​ច្រើនជាង​នេះ ពិសេស​នោះ​គឺ​សំអាត​សារាយ ដែលមាន​ឫស​ស្មុគស្មាញ​ចាក់​ជ្រៅ​ចូលទៅ​បាត​ស្ទឹង ។​

​លោក សំ ផល្លា បាន​ឲ្យ​ដឹង​ទៀតថា បើ​តាមពិតទៅ​គម្រោង​នេះ ត្រូវបាន​អនុវត្ត​នៅ​ដងស្ទឹង​សង្កែ ខេត្តបាត់ដំបង​អស់រ​យៈ​ពេល​ជិត​៣​ឆ្នាំ​កន្លងមកហើយ និង​មាន​គម្រោង​បន្ត​ផងដែរ សម្រាប់​ប្រតិបត្តិការ​នៅ​ដៃ​ទន្លេសាប និង​ទន្លេមេគង្គ រាជធានី​ភ្នំពេញ ហើយ​កម្មវិធី​គ្រប់គ្រង​សំណល់​នៃ​អង្គការ COMPED ដែលមាន​បេសកកម្ម​ទាក់ទង​ទៅនឹង​សំរាម ស្ថិតក្នុង​គោលការណ៍​មិន​រកប្រាក់​ចំណេញ ក៏ប៉ុន្តែ​មាន​តម្រូវការ​ចាំបាច់ ពី​ដៃគូ​ចូលរួម រាប់ទាំង​ស្មារតី​គាំទ្រ​អនុវត្ត​ពី​សំណាក់​វិស័យ​ឯកជន ប្រជាពលរដ្ឋ ពិសេស​នោះ​គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រមូល​សំរាម ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close