អគ្គីភ័យ លេបត្របាក់រោងចក្រផលិតគ្រឿងសង្ហារឹមមួយ នៅក្រុងបាងកក

អគ្គិភ័យដែលកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ បានបន្តឆាបឆេះនៅរោងចក្រគ្រឿងសង្ហារិមធំមួយក្នុងសង្កាត់ ឡាត ក្រាបាង ទីក្រុងបាងកក គិតមកទល់ថ្ងៃចន្ទនេះ ខណៈដែលមនុស្សម្នារស់នៅសហគមន៍ក្បែរទីតាំងកើតហេតុត្រូវបានជម្លៀសចេញ។

បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ឡានពន្លត់អគ្គិភ័យជាង ៣០គ្រឿងត្រូវបានបញ្ជូនទៅពន្លត់ភ្លើងនៅទីតាំងកើតហេតុ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យនៅតែមិនអាចគ្រប់គ្រងអណ្តាតភ្លើង ដែលកំពុងឆាបឆេះនៅក្នុងរោងចក្រនោះបានទេ។

បន្ទប់ក្រោមដីត្រូវបានប្រើសម្រាប់រក្សាទុកគ្រឿងសង្ហារឹម និងបន្ទះប្លាស្ទិក។ រោងចក្រក៏មានការផ្គត់ផ្គង់ដ៏ធំនូវឈើកុងផ្លាកេ (plywood) និងប្រអប់ក្រដាសកាតុងធ្វើកេស និងឈើ pallets។ ប្រធានក្រុមប្រឹក្សាក្រុងបាងកក លោក ស៊ូរ៉ាជិត ផុងស៊ីងវីថាយ៉ា និយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រើប្រាស់ពពុះសាប៊ូ និងទឹកដើម្បីពន្លត់អណ្តាតភ្លើង។

រោងចក្រនេះត្រូវបានបិទនៅពេលភ្លើងបានចាប់ផ្តើមឆាប់ឆេះកាលពីថ្ងៃអាទិត្យ។ អ្នកស្រុកនៅក្នុងសហគមន៍ចំនួន៦ នៅជុំវិញរោងចក្រត្រូវបានជម្លៀសចេញ ដែលភាគច្រើនរងផលប៉ះពាល់ពីកំដៅ និងផ្សែងពុលកើតចេញពីការឆេះប្លាស្ទិក។ អ្នកភៀសខ្លួនបានជ្រកកោនបណ្តាះអាសន្ននៅសាលា វត្ត ឡាំភុង និង វត្ត ធីផាវ៉ាត់ ហើយពួកគេខ្លះបានសុំឱ្យអ្នកជួយសង្គ្រោះជួយទាំងសត្វចិញ្ចឹមក្នុងផ្ទះរបស់ពួកគេផងដែរ។

ប្រធានផ្នែកកាត់បន្ថយគ្រោះមហន្តរាយក្រុងបាងកក លោក ស៊ូរីយ៉ាឆៃ រ៉ាវីវ៉ាន់ និយាយថា ការឆេះសម្ភារៈគ្រឿងសង្ហារឹមកំពុងបញ្ចេញផ្សែងយ៉ាងក្រាស់ ដែលរារាំងអ្នកពន្លត់អគ្គីភ័យមិនឱ្យចូលទៅក្នុងរោងចក្រ។ លោកបន្ថែមថា ជញ្ជាំងរោងចក្រមានការប្រេះស្រាំ ហើយសសរដែករោងចក្រអាចនឹងដួលរលំ។ ភ្លាមៗ មិនទាន់មានរបាយការណ៍ពីអ្នករបួស ឬស្លាប់នោះទេ ខណៈមិនទាន់មានសេចក្តីរាយការណ៍ពីមូលហេតុបង្កនៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close