Apple នឹងដាក់ចេញ iPhone ជំនាន់ថ្មី មានរាងកោង
មានរបាយការណ៍ថា Apple កំពុងរៀបចំដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួននៅឆ្នាំ២០២៧ ដែលមានរចនាបថធ្វើពីកញ្ចក់ស្ទើរតែទាំងអស់ និងអេក្រង់កោងពីផ្នែកមួយទៅផ្នែកមួយ ដោយគ្មានរន្ធកាត់ណាមួយឡើយ។ ការរចនានេះ គឺមានបំណងផ្តល់បទពិសោធន៍អេក្រង់មួយដែលរលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
iPhone ថ្មីនេះអាចនឹងមានបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដូច្នេះគ្មានការចាំបាច់ឲ្យមាន notch ឬរន្ធ punch-hole ទៀតទេ ហើយអាចប្រើប្រាស់បន្ទះកញ្ចក់បន្តគ្នាឲ្យគ្របដណ្ដប់លើទាំងម៉ាស៊ីន។ Apple ក៏អាចនឹងចេញ iPhone បើកបិទបាន (foldable) ដំបូងក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាននេះ អាចនឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និងអេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹងប្រើបច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបានរួមបង្កើតជាមួយ Samsung។ បច្ចេកវិទ្យានេះនឹងធ្វើឲ្យម៉ាស៊ីនស្ដើងចុះ ១៩% និងបង្កើនប្រសិទ្ធភាពនៃការប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។
ការច្នៃប្រឌិតបន្ថែមរបស់ Apple រួមមាន វ៉ែនតាវៃឆ្លាត (smart glasses) ដើម្បីប្រកួតជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មីដែលអាចមានកាមេរ៉ា, និងឧបករណ៍រ៉ូបូតសម្រាប់ផ្ទះវៃឆ្លាតដែលមានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយបណ្តុំម៉ូឌែលភាសាធំ (LLMs) ដែលដំណើរការដោយ AI ថ្មី បង្កើតឡើងដោយក្រុមវិស្វករដែលបានចូលរួមបង្កើត Apple Silicon ផងដែរ។
សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូនប្រព័ន្ធឧបករណ៍ចល័ត ឧបករណ៍ពាក់បាន AI និងរ៉ូបូតទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។