ក្រុមហ៊ុនចំនួន៦ នៅក្រុងព្រះសីហនុ ត្រូវបានផាកពិន័យ
ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនចំនួន៦ ក្នុងក្រុងព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ចហត្ថពលកម្មបរទេស ចុះពិនិត្យផាកពិន័យ កាលពីថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ហាស់ សុត្ថា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមហ៊ុនទាំង៦ ដែលក្រុមការងារចម្រុះចល័ត បានចុះត្រួតពិនិត្យ រួមមាន៖ ១-សណ្ឋាគារ ហាយជីកាង អ៉ីនធើណេសិនណល, ២-ភោជនីដ្ឋាន មែនជាងហង, ៣-ក្រុមហ៊ុន យុនណាន ខនស្ត្រាក់សិន អេន អ៉ិនវេសម៉ិន ហូលឌីងគ្រុម (ការដ្ឋានសំណង់), ៤-ក្រុមហ៊ុន ម៉ីតេ ប្រូហ្វាខេន ខនស្ត្រាក់សិន ឯ.ក, ៥-ការដ្ឋានសំណង់គ្មានឈ្មោះ (ផ្លូវ LV) និង៦-ក្រុមហ៊ុន សំណង់ចិនមិតលេន (ខេមបូឌា) ខូលីធីឌី។
សមត្ថកិច្ច បានបញ្ជាក់ថា ការចុះប្រត្តិបត្តិការត្រួតពិនិត្យមានរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះតទៅ ហើយក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ច ហត្ថពលកម្មបរទេស ចុះពិនិត្យលើប័ណ្ណ និងសៀវភៅការងារជនបរទេស តាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀត នៅក្នុងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។