ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​កូ​វីដ​១៩ នៅ​អាមេរិក កាន់តែ​កើន​ខ្ពស់​

​កន្លងមក លោក​បៃ​ឌិន ដែល​ទើបតែ​ជាប់ឆ្នោត​ប្រធានាធិបតី​អាមេរិក បានស្នើ​រដ្ឋសភា អនុម័ត​ថវិកា​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​ការឆ្លង​កូ​វីដ​១៩​។​ តាម​គេហទំព័រ Worldometer នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​ទើបតែ​បាន​រាយការណ៍ អំពី​ករណី​ឆ្លង COVID-19 រហូតដល់​ទៅ ១៥៧,២៦១​ករណី​ថ្មីៗ​ទៀត ដែល​ត្រូវបាន​រកឃើញ​តែ​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ​ប៉ុណ្ណោះ ជាមួយគ្នា​នោះ​ក៏មាន​អ្នកស្លាប់​កើនឡើង ១,៦១៥​នាក់​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ១១,៦៩៥,៧១១​ករណី ក្នុងនោះ​អ្នកស្លាប់​សរុប​មាន ២៥៤,២៥៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ​ជាង ៧​លាន​នាក់​។ សន្ទុះ​នៃ​ការឆ្លង COVID-19 ប្រចាំថ្ងៃ​របស់​អាមេរិក​នេះ គឺ​ខ្ពស់ជាង​ឥណ្ឌា​រហូតដល់​ទៅ ៤​ដង ខណៈ​អាជ្ញាធរ​ឥណ្ឌា​ទើបតែ​បានប្រកាសថា អត្រា​ឆ្លង​របស់ខ្លួន​បាននិងកំពុង​ធ្លាក់ចុះ មក​នៅ​កម្រិត​ទាប​វិញ ដែល​មិន​ធ្លាប់មាន​គិត​ចាប់តាំងពី​ខែកក្កដា​។​

​គួរ​បញ្ជាក់ថា ចំពោះមុខ​ស្ថានការណ៍​អាសន្ន ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ដិ​ន ដែល​នឹងត្រូវ​រាប់​រងបន្ទុក​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ នៅពេល​ឡើងកាន់​អំណាច​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០២១ បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ឈប់​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​ផ្ទេរអំណាច បើ​មិន​ដូច្នោះ​ទេ​ប្រជាជន​អាមេរិក កាន់តែច្រើន​ថែមទៀត នឹងត្រូវ​បាត់បង់​ជីវិត​ដោយ COVID-19​។ សហរដ្ឋអាមេរិក​ដែលមាន​វ៉ាក់សាំង COVID-19 ប្រកបដោយ​សក្តានុពល​ចំនួន​ពីរ​នៅក្នុង​ដៃ ពេលនេះ​កំពុង​ប្រឹងប្រែង​រៀបចំ ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ក្នុងករណី​បន្ទាន់​នៅ​ដើមឆ្នាំ​២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close