យប់មិញ! អាជ្ញាធរខេត្តសៀមរាប ចុះបិទមជ្ឈមណ្ឌលកម្សាន្ត២កន្លែង នៅតំបន់ផប់ស្ទ្រីត
ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្ត ដោយបានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្ទ្រីត គឺ ៖ ១. ទីតាំងស្កាយបារ ដឺ វ័ន បាយធី ( The One by T) និង២. ថេមផលក្លឹប (Temple Club) ជាបណ្តោះអាសន្ន ដោយសារតែម្ចាស់អាជីវកម្មទាំងពីរនេះ មិនបានចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ដូច្នេះគិតមកទល់ពេលនេះ ក្លឹបកម្សាន្តមនុស្សពេញវ័យទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបិទអស់ហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។