រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​គម្រោង​ស្ថាបនា វិថី​៧​មករា (​ផ្លូវ​លេខ​២០០) នាពេលខាងមុខ​

​ខេត្ត​ព្រះសីហនុ​៖ គម្រោង​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០) ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទទឹង​៤០​ម៉ែត្រ ស្របតាម​ប្លង់​ប្រព័ន្ធ​សុរិយោដី​។ ផែនការ​ស្ថាបនា ផ្លូវ​លេខ​២០០ ដែល​ស្ថិតនៅ​ជុំវិញ មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​គោលបំណង​ធំៗ ចំនួន​៤៖

-​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​
-​លើកកម្ពស់​ការផ្តល់សេវា​សុខាភិបាល និង​សុខមាលភាព​សាធារណៈ​
-​លុបបំបាត់​ការយក​ទីតាំង​សាធារណៈ​មក​ធ្វើ​អាជីវកម្ម និង​ជា​សម្បត្តិ​ឯកជន
-​លើកស្ទួយ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​សុវត្ថិភាព​សាធារណៈ​។​ល​។​

​ដើម្បី​ដំណើរការ​គម្រោង​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០)​នេះ​ទទួលបាន​ជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំ​កិច្ចសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុងធ្វើការ​សាងសង់​សំណង់​មិន​រៀបរយ នៅ​លើដី​ចំណីផ្លូវ (​ផ្លូវ​លេខ​២០០)​នេះ ធ្វើការ​រុះរើ​សំណង់​របស់ខ្លួន និង​ប្រគល់​ទីតាំង​ដី​ផ្លូវ​លេខ​២០០​នេះ មក​ឲ្យ​រដ្ឋបាលខេត្ត​ធ្វើការ ស្ថាបនា​ផ្លូវ ទៅតាម​ផែនការអភិវឌ្ឍន៍​រប​ស់​ខេត្ត​។​

​តើ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គាំទ្រ​រដ្ឋបាលខេត្ត​ក្នុងការ​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០)​ដែល ស្ថិតនៅ​ជុំវិញ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​ដែរឬទេ​? ការគាំទ្រ និង​ការលើកទឹកចិត្ត​ពី បងប្អូន នឹង​ធ្វើឱ្យ​គម្រោង​នេះ​ដំណើរការបាន​ជោគជ័យ​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close