សំណាក​អ្នកពាក់ព័ន្ធ​”​ព្រឹត្តិការណ៍​សហគមន៍​ ២៨​វិច្ឆិកា​” ក្នុង​ខេត្តសៀមរាប លទ្ធផល​អវិជ្ជមាន​ទាំងអស់

​ខេត្តសៀមរាប​៖ យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់លោក​វេ​ជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បានសរសេរថា បន្ទាប់ពី​បាន​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប មក​ធ្វើតេស្ដ​ចំនួន​៣៦​នាក់ នា​ថ្ងៃទី​០២ ខែធ្នូ នេះ លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ដូច្នេះ​ក្នុង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន ៥២៦​នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​លោក ក្រុស សារ៉ាត់ ទទូច​ឲ្យ​មានការ​បន្តធ្វើ​ច័​ត្តា​ឡី​ស័ក ក្នុង​រយៈពេល​១៤​ថ្ងៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ដោយ​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០៤​នាក់​ថែមទៀត នៅ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ក្នុងនោះ ៖ ១. បុរស​ជនជាតិខ្មែរ​អា​យុ ៣៩​ឆ្នាំ , ២. ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ , ៣. កុមារា​ជនជាតិខ្មែរ​អា​យុ ០៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ និង ៤៖ បុរស​ជនជាតិខ្មែរ​អា​យុ ២២​ឆ្នាំ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដូច្នេះ​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩.៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​បន្ថែមថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៩៦​នាក់ បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ១.០២៧ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០៤​នាក់ ដែលជា​អ្នកជំងឺ​ខាងលើនេះ ដោយឡែក​នៅសល់​វត្ថុ​សំណាក​ចំនួន ៧៩​សំណាក​ផ្សេងទៀត ដែល​ត្រូវ វិភាគ​បន្ត​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៣៥​នាក់ មាន​ស្ត្រី​ចំនួន ៧៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣១​នាក់​៕

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close