ករណីឃាតកម្ម! សម្លាប់ជនជាតិចិនដូចគ្នា រួចយកសពទៅញាត់ក្នុងរថយន្ត
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានពីការប្រទះឃើញសាកសព ក្នុងរថយន្ដម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល៖ សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដ សញ្ញាណ) ស្លាប់ ដោយករណីឃាតកម្ម(បាក់កស្លាប់)។ រហូតនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ។
ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេ និងបក្ខពួកបានយកសាកសព ចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3012 យកទៅប្លុងចោល។ លុះនៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល នគរបាលខេត្ដ បន្ដប្រតិបត្ដិការ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ)។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាជនជាតិចិន ក្នុងនោះមាន៖ ១-ឈ្មោះ Li Feng ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ (ជាចារី), ២-ឈ្មោះ Yu Yan Long ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ (ជាសហចារី) និង៣-ឈ្មោះ Tu Lin ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន(អ្នកសមគំនិត)។
ចំណែកសម្ភារៈវត្ថុតាងចាប់បាន រួមមាន៖ រថយន្ដ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព), ក្បាលឌីវីអ័រ២គ្រឿង, ហាតឌីស១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, លិខិតឆ្លងដែន២ក្បាល, កាបូបស្ពាយពណ៌ខ្មៅ១ និងរថយន្ដ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។