រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ម្នាក់​ឆ្លង​ពី​មិត្តភក្តិ ធ្វើការ​នៅ​ហាង Pedro និង​ម្នាក់ទៀត អ្នក​ចូល​ហាង Zando

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​អ្នក​ទាំង​២​នាក់​ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩​នេះ រួមមាន​បុរស​ឈ្មោះ អ៉ី តារា អាយុ​២១​ឆ្នាំ មាន​អាស័យដ្ឋាន​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំ​ពង់ ខណ្ឌមានជ័យ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ ឈ្មោះ ញិ​ល សុខ​កូ​ឡា ដែល​ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះមុនីវង្ស និង​ស្ត្រី​ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ​២៩​ឆ្នាំ មាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូល​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង​៨៖៣០​នាទី​យប់ ដោយ​មិនមាន​ពាក់​ម៉ាស​ការពារ​។​

​បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានធ្វើ​តេស​ត្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សរុប​ចំនួន​១១៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព ចាក់អង្រែ​។​

​ជាមួយគ្នានេះ ក្រសួង​សូម​អញ្ជើញ​អ្នក​ប៉ះពាល់ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ដែលមាន​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប៉ះពាល់ និង​តាម​បណ្តា​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​ដែល​ពេលនោះ សម្រាប់​អ្នក​ប៉ះពាល់​នៅតាម​ខេត្ត​)​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៤៨​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close