បទល្មើសជលផលជិត៤ពាន់ករណីត្រូវបាន​​​បង្រ្កាប​​​នៅ​​​ឆ្នាំ​​​២០១៧នេះ

សៀមរាប ៖ ក្នុងឪកាសពិធីប្រារព្ធទិវាមច្ឆជាតិ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅ បទល្មើសជលផលចំនួន ៣.៩២៥ករណី ត្រូវបានបង្រ្កាប ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ៣.៧២៣​ករណី , ពិន័យអន្ដរការណ៍ចំនួន ១១៦ករណី និងបញ្ជូនទៅតុលាការចំនួន ៨៦ករណី ខណៈដែលផលនេសាទក្នុងឆ្នាំ២០១៧កន្លងទៅ សម្រេចបានមានចំនួនជាង ៨០០ពាន់​តោន កើនជិត៧ភាគរយ ពិសេសផ្នែកវារីវប្បកម្ម (ការចិញ្ចឹមត្រី)។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ផលនេសាទចាប់ពីធម្មជាតិទាំងទឹកសាប និងសមុទ្រសម្រេចបានមានប្រមាណជាង ៦០០ពាន់តោន ក្នុងនោះទឹកសាបអនុវត្តបានចំនួនជាង ៥០០ពាន់​តោន និងផលនេសាទសមុទ្រអនុវត្តបានជាង ១០០ពាន់​​​តោន ដែលកើន​ឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ហើយជាទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម គឺបង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល រក្សាការចាប់ផលជលផលពីធម្មជាតិក្នុងរង្វង់ ៦០០ពាន់តោនក្នុងមួយឆ្នាំ ជំរុញវារីវប្បកម្មឱ្យកើនឡើងពី ១៥ទៅ២០ភាគរយក្នុងមួយឆ្នាំ និងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close