អ្នកជំនាញមុជទឹកអង់គ្លេសបានរកឃេីញ​​​ក្រុម​​​ក្មេង​​​ថៃដែល​​​វង្វេង​​​ក្នុង​​​ល្អាង​​​ភ្នំមុនគេបង្អស់

ថៃ ៖ ក្រុមក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា អំឡុងពេល​ចូលទៅក្នុង​រូងភ្នំ ពេលនេះពួកគេ​ត្រូវបាន​រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រោយ​ក្រុម​សង្គ្រោះ​ចំណាយពេល​ជាង​២២០​ម៉ោង​ដើម្បី​ស្វែងរក​។

ក្រុមក្មេងប្រុស​ទាំងនោះត្រូវ​បាន​រក​ឃើញ​មុន​គេ​បង្អស់ ដោយ​ក្រុម​អ្នក​ជ្រមុជ​ទឹក​អង់គ្លេស នៅ​ចម្ងាយ​៤០០ម៉ែត្រ​ពី​តំបន់ Pattaya Beach ក្នុង​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ។

ក្រុម​ជ្រមុជ​ទឹក​អង់គ្លេស​នោះ រួមមាន លោក Richard Stanton, លោក Robert Harper និង លោក John Volanthen។ ពួកគេ​គឺ​ជា​អ្នក​ជំនាញ​សកល​សម្រាប់​ការ​រុករក​ក្នុង​ប្រព័ន្ធ​ក្រោម​ដី ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ចូល​រួម​ការ​រុករក​ខាង​លើ ដោយ​សារ​តែ​ពួក​គេ​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​សម្រាប់​ការងារ​មួយ​នេះ។

អនុប្រធាន​ក្រុមប្រឹក្សា​សង្គ្រោះ​របស់​ចក្រភព​អង់គ្លេស British Cave Rescue Council លោក Bill Whitehouse បាន​និយាយ​ថា «ពួកគេ​មាន​បទពិសោធន៍ និង​អាច​ធ្វើ​ការងារ​នេះ​បាន។ ពួកគេ​ធ្លាប់​បាន​ធ្វើ​ការ​រុករក​ជុំវិញ​ពិភពលោក»។

ប្រធាន​ក្រុម​កងទ័ពជើងទឹក Anand Surawan បានបញ្ជាក់​ថា​ «​យើង​នឹង​រៀបចំ​បញ្ជូន​អាហារ​បន្ថែម​ទៅ​ឲ្យ​ពួកក្មេងៗដើម្បី​ធានាថា ពួកគេ​អាច​បរិភោគ​គ្រប់គ្រាន់​មាន​កម្លាំង និង​ជួយ​បង្វឹក​ពួកគេ​ឲ្យ​ចេះ​ហែល​ជ្រមុជ​ទឹក ខណៈដែល​យើង​បន្ត​ព្យាយាម​បូមទឹក​ចេញ​ផង​នោះ​»​។​

យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ក្មេង អភិបាលខេត្ត​ឈៀងរ៉ាយបាន​បញ្ជាក់ថា គ្រូពេទ្យ​បានផ្តល់​ប្រឹក្សា​យោបល់​ថា ក្រុម​សង្គ្រោះ​គួរ​បន្ត​ផ្តល់​ថ្នាំ​ច្រើន​ប្រភេទ​ដើម្បី​ជួយ​ការពារ​មេរោគ​ឆ្លង ឬ​ជំងឺ​ផ្សេងទៀត ដែល​អាចធ្វើ​ឲ្យ​ពួកគេ​មាន​បញ្ហា​សុខភាព​និង​ពិបាក​ជម្លៀស​ចេញមកក្រៅ​នោះ​។

សូមបញ្ជាក់​ថា ក្មេង​ប្រុស​ថៃ​ទាំង​១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​ម្នាក់​ផង​នោះ គឺ​នៅ​រស់​រាន​មាន​ជីវិត​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close