មន្រ្តីសុខាភិបាលខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋ​​​មាន​​​ការ​​​ប្រុង​​​ប្រ​​​យ័ត្ន​​​ចំ​​​ពោះ​​​ជំងឺ​​​គ្រុន​​​ឈាម និង​​​ជំងឺ​​​រាគរុស

សៀមរាប ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នំា២០១៨នេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះទៅជួយពិនិត្យនិងព្យាបាលជំងឺទូទៅជូនពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប លោក ប៉ែន ផលគុណ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា “ដើម្បីលើកកម្ពស់សេវាសុខភាពនៅតាមតំបន់ជនបទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង មន្ទីរពេទ្យកុមារ​អង្គរ បានចុះមកជួយពិនិត្យនិងព្យាបាលជំងឺទូទៅជូនពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីឡើយ ក្នុងគោលដៅដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល និង ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ” ។

លោក ប៉ែន ផលគុណ បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះភ្លៀងចាប់ផ្តើមធ្លាក់ហើយ ដែលធ្វើឱ្យជំងឺមួយចំនួនបានចាប់កើតឡើងដូចជា ជំងឺគ្រុនឈាម ជំងឺរាគរុស ជាដើម ខណៈនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានជំងឺគ្រុនឈាម និងជំងឺរាករុស បានចាប់ផ្តើមកើតច្រើនខុសពីធម្មតា ដូច្នេះ តាមរយៈនៃកម្មវិធីនេះ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងទូទាំងខេត្ត សូមឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ ជាពិសេស សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាពសុខភាពប្រចាំថ្ងៃ និងត្រូវប្រុងប្រយ័ត្នចំពោះការហូបចំណីអាហារ ដោយផ្តោសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ ។

ក្នុងឱកាសដែលបានមកទទួលការព្យាបាលឥតគិតថ្លៃនេះ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ស ចេង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈពេលដែលបានឃើញក្រុមគ្រូពេទ្យយកចិត្តដាក់ព្យាបាល ប្រកបដោយភាពរួសរាយរាក់ទាក់ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាពនិងការលំបាករបស់ប្រជាពលរដ្ឋ ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close