ភាពស្រស់ស្អាតនិងកំណើនទេសចរ ជាការចូលរួមចំណែកដ៏សំខាន់របស់ពលករនិងកម្មករក្នុងតំបន់អង្គរជាមួយថ្នាក់ដឹកនាំ

សៀមរាប ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលអាហារសាមគ្គីជាមួយមន្ត្រី បុគ្គលិក ពលករ កម្មកររបស់នាយកដ្ឋានគ្រប់គ្រងទឹក នៅក្រាំងក្រូចនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភាពស្រស់ស្អាតនៃបរិស្ថាន ភាពរឹងមាំនៃសំណង់ប្រាសាទ ការបញ្ជៀសទឹកជំនន់ និងកំណើនទេសចរនៅក្នុងរមណីយដ្ឋានអង្គរ ជាការចូលរួមចំណែកដ៏សំខាន់របស់ក្រុមការងារគ្រប់ជាន់ថ្នាក់ជាមួយថ្នាក់ដឹកនាំ។

ឯកឧត្តមក៏បានបញ្ជាក់ពីគោលបំណងនៃការរៀបចំអាហារសាមគ្គីនេះដែរថា នេះជាទម្លាប់ប្រចាំឆ្នាំទៅហើយ ដើម្បីជាការជួបជុំបងប្អូនពលករ កម្មករ មន្ត្រី បុគ្គលិកនៃនាយកដ្ឋានទឹកដែលនៅតាមការដ្ឋានផ្សេងៗ ឱ្យបានជុំគ្នា ស្គាល់គ្នា និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។ ពិសេស គឺដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើអង្គរដោយភក្តីភាព ដើម្បីឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ ទទួលបាននូវការអភិវឌ្ឍនិងអភិរក្សប្រកបដោយចីរភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ថែមទៀត ។

មិនភ្លេចផងដែរ ឯកឧត្តមក៏បានក្រើនរំឭកដល់ពលករ កម្មករ មន្ត្រី បុគ្គលិកទាំងអស់ សូមកុំភ្លេចទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាទៅតាមឆន្ទៈនិងការស្រឡាញ់បក្សនយោបាយរបស់ខ្លួន នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ កុំបីអាក់ខាន៕

ប្រភព ៖ អាជ្ញាធរអប្សរា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close