មាស សាលី ទម្លាយ​ខ្ទេច​រឿង ចាន់ សម័យ ធ្លាក់ខ្លួន​នៅផ្ទះ​ជួលនិងដើរ​ស្ទូចត្រី​ចិ​ញ្ចឹ​ម​ក្រពះ​

ភ្នំពេញ ៖​ លោក មាស សាលី ត្រូវជា​មិត្ត​ភក្ត្រិ​ស្និទ្ធស្នាល បាន​ចុះ​ទៅដល់​ផ្ទះជួល ចាន់ សម័យ ភ្លាមៗ​ដើម្បី​ឲ្យ​ដឹង​ការពិត បន្ទាប់ពី​ទទួលដំណឹង​ថា លោក ចាន់ សម័យ ធ្លាក់ខ្លួន​រស់នៅ​ក្នុងផ្ទះជួល ហេីយដើរ​ស្ទូចត្រី​ដេីម្បីចិញ្ចឹម​ក្រពះ​តាម​មាត់ទន្លេ​។​

​តារាចម្រៀង​ដែល​ទើបតែ​បញ្ចេញ MV ថ្មី លោក មាស សាលី ឲ្យ​ដឹងថា លោក ចាន់ សម័យ ធ្លាក់ខ្លួន​ដើរ​ស្ទូចត្រី និង​រស់នៅ​ផ្ទះជួល​ជាការ​ពិត ព្រោះ​កាលពី​ម្សិលមិញ​លោក បាន​ទៅដល់​ផ្ទះ​តារាចម្រៀង​រូបនេះ​ដោយផ្ទាល់​នៅ​ម្ដុំ​ជ្រោយចង្វា ឃើញថា​ជីវភាព​ពិតជា​យ៉ាប់យឺុន​ខ្លាំង មិន​ធូរធារ ដូចពេលមុន​ឡើយ​។ ខ្លួន​មាន​អារម្មណ៍​អាណិត និង​សោកស្ដាយ​យ៉ាងខ្លាំង​មិនគួរ​ពួកម៉ាក់​ជាទី​ស្រឡាញ់​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ​សោះ​។​

​លោក​ថា “​មូលហេតុ​ដែល​គាត់​ធ្លាក់ខ្លួន​ទៅជា​បែបនេះ ដោយសារតែ​គាត់​បរាជ័យ​ក្នុងការ​រកសីុ ត្រូវបាន​ចោរលួច​កាបូប​លុយ ហើយ​អំឡុង​ពេលនេះ​ទោះបីជា​មានកម្ម​វិធី​ហៅ​គាត់​ទៅ​ច្រៀង ក៏​គាត់​មិនបាន​ទៅ​ដែរ ព្រោះ​គាត់​មាន​របេង​ឆ្អឹង​ឈរ​មិន​បានយូរ ត្រឹម ៥​នាទី​អីហ្នឹង​គាត់​ឈឺ​ហើយ​”​។

​មាស សាលី ថា នៅពេលដែល ចាន់ សម័យ ឈរ​ច្រៀង​យូរ​មិនបាន​ដូចពេលមុន​ធ្វើ​ឲ្យ​ម្ចាស់​កម្មវិធី​គេ​មិន​សប្បាយចិត្ត​។ ដូច្នេះ​ពេល​កម្មវិធី​ទាក់ទង​ឲ្យ​ម្ចាស់​បទ​ “​មិនអាច​គ្មាន​អូន​” ឲ្យ​ទៅ​ច្រៀង​លោក តែងតែ​បដិសេធ​ជានិច្ច ព្រោះ​ខ្លាច​បំពេញការងារ​ឲ្យ​គេ​មិន​បានល្អ ។​

ចំណែកឯ ចាន់ សម័យ ទោះបីជា​មិត្ត​ភក្ដ្រិ​សិល្បៈ មួយចំនួន​បាន​អះអាងថា តារាចម្រៀង​រូបនេះ​ពិតជា​ធ្លាក់ខ្លួន​ដុន​ដាម​ក្ដី​មកដល់ពេលនេះ លោក​នៅតែ មិន​ចេញមុខ​បកស្រាយ​អ្វី​ឡើយ​។ ចំណែកទូរស័ព្ទ​ហៅចូល​មិនមាន​អ្នកទទួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close