ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំ​​​លឹក​​​ដល់​​​មន្ត្រីក្រោម​​​ឱវាទ ត្រូវ​​​បង្កើន​​​ការ​​​យក​​​ចិត្តទុក​​​ដាក់​​​លើ​​​កិច្ចការ​​​ពារ​​​ថែរក្សាសន្តិសុខ និង​​​សុវត្ថិភាព ទាំង​​​ក្នុង​​​ដំ​​​ណើរការឃោសនា​​​បោះ​​​ឆ្នោត និង​​​ការ​​​បោះ​​​ឆ្នោត​​​

សៀមរាប ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ អំពីកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដមឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចជំនាញរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលបានមកទស្សនានៅក្នុងខេត្តកន្លងមកនេះ ។

ឯកឧត្ដមស្នងការនគរបាលខេត្ត បានមានប្រសាសន៍ទៀតថា ប្រការសំខាន់នោះគឺ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ភារកិច្ចដែលចាំបាច់បំផុតចំពោះមុខរបស់កងកម្លាំងនគរបាលយើង គឺកិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់កិច្ចដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដូច្នេះដើម្បីឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូននិងមានតម្លាភាពនោះ សូមឲ្យមន្ត្រីនគរបាលទាំងអស់ ចាប់ពីថ្នាក់ខេត្តរហូតដល់ក្រុងស្រុក ត្រូវគ្រប់គ្រង់កម្លាំងនិងត្រូវត្រៀមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងត្រៀមអន្តរាគមន៍នូវរាល់ហេតុការណ៍ ក្នុងករណីមានការអុកឡុក ការគំរាមកំហែង ការប្រព្រឹត្តអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះដល់ដំណើរការនៃការឃោសនាបោះឆ្នោតនិងការបោះឆ្នោត ។

ឯកឧត្ដមឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង មានប្រសាសន៍បញ្ជាក់ទៀតថា ប្រការសំខាន់មួយទៀតនោះ គឺត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តន៍បន្តទៀត និងឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសទប់ស្កាត់នូវរាល់ល្បិចកល និងឧបាយកលរបស់ជនខិលខូច ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជំរុញចលនាប្រជាការពារនៅក្នុងមូលដ្ឋាន សំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close