ប្រាំ​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គ.ជ.ប ទទួល​​​​បាន​​​​ពាក្យ​​​​បណ្តឹង​​​​ចំនួន​​​​បី​​​​ករណី

បោះឆ្នោត ៖ យោងតាមអ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់អះអាង​​​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប) បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​បី​ករណី ដែល​១​ករណី នៅ​ខេត្ត​កណ្តាល និង​២​ករណី​ទៀត នៅ​ខេត្ត​រតនគិរី។

លោកបានបន្ថែមទៀតថា រហូត​មក​ទល់​ពេល​នេះ បណ្តឹង​ចំនួន​២ ក្នុង​ចំណោម​បណ្តឹង​ចំនួន​៣ ត្រូវ​បាន​គណៈកម្មាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ខេត្ត​រតនៈគិរី ដោះ​ស្រាយ​រួច​រាល់​អស់​ហើយ។

បណ្តឹង​ទាំង​ពីរ​ដែល​បាន​ដោះ​ស្រាយ​រួច​រាល់​នោះ​គឺ៖ ទី​១ ចៅ​សង្កាត់​ឡាបាន​សៀក បាន​ដាក់​ពាក្យ​ប្តឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ប្រចាំ​ខេត្ត​រតនៈគិរី ដែល​បាន​ចាក់​ផ្សព្វ​ផ្សាយ​គោល​នយោបាយ លើ​ទី​តាំង​អតីត​ព្រលាន​យន្តហោះ​ដោយ​គ្មាន​ការ​អនុញ្ញាត។​ និង​បណ្តឹង​ទី​ពីរ ចៅ​សង្កាត់​រង​ទី​១ សង្កាត់​បឹង​កន្សែង ដែល​ប្តឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដដែល ដោយ​សារ​តែ​បាន​ចាក់​ផ្សាយ​រូបភាព​លើ​ផ្លូវ​សាធារណៈ ដោយ​មិន​សុំ​ការ​អនុញ្ញាត។

ចំណែក​បណ្តឹង​មួយ​ទៀត​ នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​ពាក្យ​ប្តឹង​បុរស​ម្នាក់ ដែល​បាន​យក​ដុំ​ថ្ម​គប់​លើ​ម៉ូតូ​កង់​បី ដែល​ជា​មធ្យោបាយ​ចាក់​មេក្រូ ចល័ត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រហូត​មក​ទល់​ពេល​នេះ បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណៈកម្មាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ខេត្ត​កណ្តាល ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។

ទាក់​ទង​នឹង បរិយាកាស​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​វិញ ត្រូវ​បាន គ.ជ.ប វាយ​តម្លៃ​ជា​រួម​ថា ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា និង​គ្មាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close