ការ​លក់​ដូរ និង​ពិសារគ្រឿង​ស្រវឹង ត្រូវ​ហាមឃាត់​មួយ​​​​ថ្ងៃ​​​​មុន​ការ​​​​បោះ​​​​ឆ្នោត និង​​​​ថ្ងៃ​​​​បោះ​​​​ឆ្នោត​

បោះឆ្នោត ៖ យោង​តាម​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ការ​លក់​ដូរ និង​ពិសារគ្រឿង​ស្រវឹង ត្រូវ​ផ្អាក​នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ។

ការផ្អាក​នេះ គឺ​ដោយ​សារ​កន្លង​មក រាជ​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា ការពិសារគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគ​ច្រើន​អាចបង្ក​ឲ្យ​មាន​អំពើ​ហិង្សា គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​សង្គម ការ​ប្រព្រឹត្ត​បទ​ល្មើស​​នានា ឬ​ករណី​ខ្លះ​អាច​បណ្តាល​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង។

ដូច្នេះ ដោយ​អនុលោម​តាម​ច្បាប់ បទ​បញ្ជា និង​នីតិ​វិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត និង​​ដើម្បី​​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង គ្មាន​ការ​បំភិតបំភ័យ និង​បាតុភាព​នានា ដែល​អាច​កើត​ឡើង​ដោយ​សារតែ​ការពិសារគ្រឿង​ស្រវឹង​នោះ រាជ​រដ្ឋាភិបាល​សូម​ធ្វើ​ការ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ និង​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ត្រូវ​រួម​សហការ​ជា​មួយ​រាជ​រដ្ឋាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ពាណិជ្ជករ និង​អាជីវករ ដោយ​ត្រូវ​ផ្អាកការ​លក់​ដូរ និង​ពិសារគ្រឿង​ស្រវឹង​នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​​រួម​ចំណែក​ទប់ស្កាត់​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិតបំភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​សង្គម និង​បាតុភាព​នានា ដែល​អាច​បណ្តាល​មកពី​ការពិសារគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

ជា​មួយ​គ្នា​នេះ ក្រសួង ស្ថាប័ន កងយោធពលខេមរភូ​មិន្ទ កង​នគរបាល​ជាតិ រួម​ជា​មួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ធ្វើ​ការ​បំពាក់​បំប៉ន​​មន្រ្តី​រាជការ​ក្រោម​ឱវាទ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ផ្សព្វ​ផ្សាយ អប់រំ​ណែនាំប្រជា​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន អនុ​វត្ត​ការផ្អាក ការ​លក់​ដូរ និង​ពិសារគ្រឿង​ស្រវឹង ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​កិច្ច​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦ ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា។

សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ជិត​៨​លាន៤សែន​នាក់ ​នឹងត្រូវ​​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី២៩​ ខែកក្កដា​​ខាងមុខ​នេះ។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​យក​អាសនៈ​តំណាងរាស្ត្រ ចំនួន​១២៥​នៅ​ទូទាំង​ប្រទេស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close