អង់គ្លេសបង្ហាញ សៀវភៅស របស់ខ្លួនស្ដីពី អង់គ្លេស-សហភាពអឺរ៉ុប
អង់គ្លេស ៖ កាលពីម្សិលមិញ រដ្ឋាភិបាលអង់គ្លេស បានសម្រេចដាក់បង្ហាញចេញផែនការលម្អិតជាលើកដំបូង ស្តីពីទំនាក់ទំនងអង់គ្លេសនិងសហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសមួយនេះ បានឡើងការពារគម្រោងដែលគេហៅថា សៀវភៅស នៅក្នុងសភា ហើយការជជែកពិភាក្សាគ្នា គឺធ្វើឡើងយ៉ាងតឹងសរសៃក មុននឹងសម្រេចអនុវត្តនៅទីបំផុត។
គម្រោងការនេះ គឺគេប្រសិទ្ធនាមឲ្យថា សៀវភៅស ដែលមានកម្រាស៩៨ទំព័រ ចែងលម្អិតពីទំនាក់ទំនងអង់គ្លេស និងសហភាពអឺរ៉ុប ទៅថ្ងៃអនាគត។ អត្ថន័យជាសង្ខេបនៅក្នុងសៀវភៅស នេះបញ្ជាក់ពីការចរាចរណ៍ទំនិញ ដែលអង់គ្លេសចង់បាន កិច្ចព្រមព្រៀងថ្មីមួយជាមួយសហភាពអឺរ៉ុប ចំពោះការផ្លាស់ប្តូរទំនិញដោយសេរី។ ចំណែកការធ្វើដំណើររបស់ភ្ញៀវទេសចរ យុវជនអឺរ៉ុប និងអ្នកជំនួញ ដោយមិនចាំបាច់មានទិដ្ឋាការ ទៅកាន់អង់គ្លេស ដោយគ្រាន់តែមានការត្រួតពិនិត្យ មិនធូររលូងដូចពីមុន។ អ្នកធ្វើការងារដែលជាប្រជាជនសហភាពអឺរ៉ុប នៅតែមានសិទ្ធិចូលទៅធ្វើការនៅអង់គ្លេសដដែល។ បន្ថែមលេីសពីនោះទៅទៀត ចៅក្រមអឺរ៉ុប នឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងគណៈកម្មាធិការអង់គ្លេស-សហភាពអឺរ៉ុប ជាដើម។
ប៉ុន្តែគម្រោងផែនការនេះត្រូវបានលោគ Jacob Rees- Mogg ជាអ្នកតំណាងរាស្ត្រមកពីបក្សអភិរក្សនិយមបានរិះគន់យ៉ាងខ្លាំង ដោយលោកចង់ឃេីញអង់គ្លេសលះលែងដាច់ស្រឡះតែម្តងពីសហភាពអឺរ៉ុប ព្រោះនេះជាអ្វីដែលពលរដ្ឋអង់គ្លេសបោះឆ្នោតចង់បាន។
ទោះជាយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានអះអាងការពារថា «គម្រោងនេះ ពិតជាឆ្លើយតបទៅតាមប្រជាមតិរបស់ពលរដ្ឋអង់គ្លេស ដែលបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប កាលពីខែមិថុនា២០១៦» ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។