ការកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ព្រៃឡង់មានការកើនឡើងរយៈពេល៦ខែកន្លងមក
កាលពីថ្ងៃទី១០ ខែកក្កដា អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង បានបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឡង់ក្នុងឆមាសទី១នៃឆ្នាំ២០១៨ មានការកើនឡើងប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ។ ការធ្វើចរាចរណ៍ឈើនៅតែបន្តកើតមានឡើងទាំងយប់ទាំងថ្ងៃ ទោះបីជាមានប៉ុស្តិ៍យាមចាំត្រួតពិនិត្យក៏ដោយ។ លោក សុហេង បានបន្ថែមទៀតថា ការកើនឡើងនៃការកាប់បំផ្លាញព្រៃឈេីនេះ គឺស្របពេលដែលកម្ពុជាមានបញ្ហានយោបាយ និងការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។
អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ដដែលរូបនេះបានសង្កត់ធ្ងន់ថា ក្រៅពីរូបភាពកាប់ឈើធំៗ ក៏មានសកម្មភាពនៃការកាប់ទន្ទ្រានដីព្រៃពីអ្នកចំណូលថ្មីនៅជុំវិញតំបន់ព្រៃឡង់ដែរ ហើយលោកក៏មានការព្រួយបារម្ភខ្លាំងចំពោះសកម្មភាពនៃការកាប់ទន្ទ្រាននេះ ដែលមានការកើនឡើងពីមួយខែ ទៅមួយខែ។ លោកមើលឃើញថា ទោះបីជារដ្ឋាភិបាលបានខិតខំក្នុងការការពារមែន ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពនោះទេ។
ជារៀងរាល់ខែបណ្តាញសហគមន៍ព្រៃឡង់ធ្វេីការចុះល្បាតព្រៃ ហេីយក្រុមរបស់លោកក៏បានរកឃើញបទល្មើសមិនក្រោម១៥ ទៅ២០ករណី ដែលក្នុងរយៈពេល៦ខែមកនេះ សហគមន៍ការពារព្រៃឡង់បានបង្រ្កាបបទល្មើសបានមិនក្រោម១០០ករណីនោះទេ។
ទោះជាយ៉ាងណា ក្រសួងបរិស្ថាននៅតែបដិសេធចំពោះការអះអាងនេះ។ ចំណែកលោក ជា សំអាង អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថារូបភាពតូចៗនៃការកាប់ឈើក្នុងតំបន់ព្រៃឡង់ តែងតែកើតមាន ប៉ុន្តែមិនមានការកើនឡើងនោះទេ ហើយបច្ចុប្បន្នក្រសួងបរិស្ថានក៏បានចាត់វិធានការជាបន្តបន្ទាប់ដែរ។
កាលពីចុងខែមិថុនា ឯកសារស្រាវជ្រាវ ដែលបានធ្វើបទបង្ហាញទៅកាន់អង្គការសហប្រជាជាតិឲ្យដឹងថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជានឹងបាត់បង់នៅក្នុងឆ្នាំ២០៤០ ប្រសិនបើការកាប់បំផ្លាញនៅតែបន្តកើតមាន។
សូមជម្រាបជូនថាតំបន់ព្រៃឡង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ មានផ្ទៃដីសរុប ៤សែនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃ “ព្រៃឡង់” កាលពីខែឧសភា ឆ្នាំ២០១៦។ នៅខែមិនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន សង្គមស៊ីវិល និងវិស័យឯកជនបានចុះហត្ថលេខាត្រីភាគី លើកិច្ចព្រមព្រៀងមួយ ក្នុងគម្រោងការអភិរក្ស ព្រៃឈើតំបន់ព្រៃឡង់ ក្នុងគោលបំណង រួមគ្នាការពារ និងអភិរក្សព្រៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។