ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី វិនិយោគ​ទឹកប្រាក់​​​​៩០០​​​​លាន​​​​ដុល្លារ សាង​​​សង់​​​​នៅ​​​ក្រោយ​​​​បោះ​​​ឆ្នោត​

​សៀមរាប ៖ លោក បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដឹកនាំ​ដោយ​លោក Zou Yuhui អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​ទទួលខុសត្រូវ​លើ​ការរៀបចំ​ប្លង់​គម្រោង​។ កិច្ចប្រជុំ​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​នេះ ត្រូវបាន​សាងសង់​នៅក្នុង​ភូមិសាស្ត្រ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​។​

​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ហើយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ជា​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​ឃុន​មី​ញ របស់​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ខេត្ត​សម្ព័ន្ធមេត្រីភាព និង​ខេត្តសៀមរាប​ទៀតផង​។​

​លោក បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​សាទរ​ពី​កិច្ច​ចាប់ដំណើរការ សាងសង់​អាកាសយានដ្ឋាន​ថ្មី​ដ៏​ធំ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែលជា​គោលដៅ​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​វាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវបាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានធ្វើ​កិច្ច​ព្រម ព្រៀង​នឹង​គ្នា​នាពេល​កន្លងមក​និង ក៏បាន​គូសបញ្ជាក់​ផងដែរ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​ចង់​ទទួលបាន​ពី​ព័ត៌មាន​ផ្សេងៗ ដើម្បី​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្នា ឲ្យ​កិច្ច​ការសាងសង់​នេះ បាន​ដំណើរការ​ទៅដោយ​រលូន អាជ្ញាធរខេត្ត មាន​មន្ត្រី​នៃ​មន្ទីរជំនាញ​មានការ​ពាក់ព័ន្ធ ដែលជា​សមាជិក​គណកម្មកា​រ​នេះ​ស្រាប់ និង​រង់ចាំ​នូវ​រាល់​សំណូមពរ​របស់​ក្រុមហ៊ុន គ្រប់ពេលវេលា​ផងដែរ​។​

​ជាមួយគ្នានេះ លោក Zou Yuhui បានលើកឡើង​អំពី​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា ក្នុងការ​បង្កើន​នូវ​អាកាសយានដ្ឋាន​មួយ​ដ៏​ធំ​នៅ​ខេត្តសៀមរាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម នៅលើ​ផ្ទៃដី​១,៧០០​ហិច​តា​។ ក្នុងនោះ​ផ្ទៃដី​សម្រាប់ធ្វើ​ការសាងសង់​ព្រលានយន្តហោះ មាន​៧០០​ហិច​តា និង​ផ្ទៃដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​១.០០០​ហិច​តា ហើយ​មកដល់ពេលនេះ​ក្រុមហ៊ុន បាន​កំពុងធ្វើការ​រៀបចំ និង​កសាង​ផែនការមេ ព្រមទាំង​បានធ្វើ​ប្រឡាយ​កំណត់​ព្រំដី និង​ធ្វើ​ផ្លូវ​ចូលទៅក្នុង​ការដ្ឋាន​ទៀតផង​។​

​ការកសាង​អាកាស​យាន្ដ​ដ្ឋា​ន​ថ្មី​នេះ នឹង​ជំរុញ​ដល់​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប ឲ្យ​កាន់​តែមាន​សក្តានុពល​ប​ន្ថែ​ម​ទៀត និង​បានផ្តល់​សារសំខាន់ និង​ផលប្រយោជន៍​ជាច្រើន ដល់​ប្រពល​រដ្ឋ​ដែល​រស់នៅក្នុង​តំបន់ ក៏​ដូច​នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។​

​លោក Zou Yuhui បាន​បញ្ជាក់ថា ក្រោយពេល​ប្រទេស​កម្ពុជា ធ្វើការ​បោះឆ្នោត​ចប់​រួចរាល់​ក្រុមហ៊ុន និង​ធ្វើ​ពិធីបើកការដ្ឋាន​សាងសង់ អាកាស​យាន្ត​ដ្ឋា​ន​នេះ​ជា​ផ្លូវការ ដែលមាន​រយៈពេល​សាងសង់​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ទើប​ចប់​រួចរាល់​។​

​ក្នុងនោះដែរ លោក​អគ្គនាយករង​ក្រុមហ៊ុន ក៏បាន​លើក​នូវ​សំណូមពរ​មួយចំនួន ដោយបាន​ផ្តោត​យ៉ាងសំខាន់ នៅ​ព័ទ្ធជុំវិញ​អាកាស យានដ្ឋាន​ចំងាយ​២០​គីឡូម៉ែត្រ ក្នុងការ​បង្ការ​នូវ​ហានិភ័យ​ផ្សេងៗ ដោយ​សុំ​ឲ្យ​បណ្តា​មន្ទីរ អង្គភាព​មានការ​ពាក់ព័ន្ធ ផ្តល់នូវ​ឯកសារ​ដែល​មាន ក្នុងនោះ​ផ្តោត​សំខាន់​លើ​លំនៅដ្ឋាន​ខ្ពស់ៗ វត្ត​ធ្វើ​លើ​ភ្នំ កម្ពស់​បង្គោល​ភ្លើង ព្រមទាំង​សុំ​នូវ​គម្រោង ផែនការមេ លើ​កិច្ច​អភិវឌ្ឍ​ខេត្ត ក្នុងការ​ធានា​ដល់​សុវត្ថិភាព​ដល់​ព្រលានយន្តហោះ​។​

​ក្រុមហ៊ុន​ក៏បាន​ផ្តោតទៅលើ​ប្រព័ន្ធ​ស្រោចស្រព នៅ​ប៉ែក​ខាងលើ​ព្រលាន ចំពោះ​ប្រឡាយទឹក អាង​តំកល់​ទឹក ព្រមទាំង​ទឹកជំនន់ និង​ការផ្គត់ផ្គង់​សេវា​ទំនាក់ទំនង និង​ផ្គត់ផ្គង់​ទឹកស្អាត​បាន​គ្រប់គ្រាន់​ឬ​យ៉ាងណា នៅពេល​អាកាសយានដ្ឋាន​ដំណើរការ ក្នុង​មួយថ្ងៃ​ប្រើប្រាស់​ទឹក​ក្នុង​មួយថ្ងៃ​១.៨០០​ម៉ែត្រគូប និង​ទៅ​អនាគត ៤.០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។​

​លោក បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​បញ្ជាក់ជូន​ដល់​ក្រុមហ៊ុន ត្រូវធ្វើ​កិច្ចសហការ ជាមួយ​ក្រុម​គណៈកម្មកា​រ​របស់​ខេត្ត ហើយ​នៅក្រោយ​ការបោះឆ្នោត​នេះ ក្រុមការងារ​ខេត្ត នឹង​ចុះ​ទៅដល់​ការដ្ឋាន ហើយ​ចំពោះ​រាល់​លិខិត​ឯកសារ​ដែល​ក្រុមហ៊ុន​ចង់បាន​នោះ គឺ​មាននៅ​គ្រប់​សម​សភាព នៃ​គណៈកម្មការ​ដែល​បាន​ចុះទៅ​ទីនោះ​ស្រាប់​។ លោក​គាំទ្រ​នូវ​រាល់​សំណូមពរ​ដែល ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ លើកឡើង និង​សូម​ឲ្យ​កិច្ចដំណើរការ​សាងសង់​អាកាសយានដ្ឋាន​នេះ ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ថ្មី​នេះ គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​៩០០​លាន​ដុល្លារ​អាមេរិក ដែលមាន​កុងត្រា​រយៈពេល​៥៥​ឆ្នាំ​។ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ ព្រលានយន្ដហោះ​អន្ដរជាតិ​សៀមរាប​ថ្មី គឺ​ក្រុមហ៊ុន YUNAN DEVELOPMENT GROUP៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close