​ក្រសួង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៤លាន​ដុល្លារ សម្រាប់​​​​ការ​​​​ប្រឡង​​​​បាក់​​​ឌុប​​​ឆ្នាំ​​​​នេះ​

ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៨​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី៤ ទៅ​៥លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ទៅ ក្រសួង​ចំណាយ​ត្រឹម​តែ​ប្រមាណ ៣,៥លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក ហង្ស ជួនណារ៉ុន រដ្ឋ​មន្រ្តី​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​កម្មវិធី​បំពាក់​គ្រឿង​ឥស្សរិយយសការ​ងារ​ជូន​​បុគ្គលិក​អប់រំ​នៅ​ខេត្ត​កំពង់ចាម កាលពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​ចំណាយ​កើន​ច្រើន​របស់​ក្រសួង​អប់រំ​នៅ​ឆ្នាំ​នេះ គឺ​ដោយ​សារតែ​ឆ្នាំ​នេះ បេក្ខជន​ចូល​រួម​ប្រឡង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន។

លោក​បញ្ជាក់​ថា ថវិកា​ទាំង​នេះ ក្រសួង​នឹង​ប្រើ​ប្រាស់​សម្រាប់​ការ​ចំណាយ​ចាប់​តាំង​ពី​ដំណើរ​ការ​ប្រឡង រហូត​ដល់​ការ​ប្រកាស​លទ្ធផល​ប្រឡង ដោយ​យក​ទៅ​ចាយ​លើក្រដាស​ប្រឡង មេប្រយោគ អនុរក្ស ប្រធាន​មណ្ឌល​និង​ចំណាយ​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​ការ​ប្រឡង។

គួរ​ជម្រាប​ជូន​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ការ​ប្រឡង​បាក់ឌុប នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី ២០ ខែ​សីហា ខាង​មុខ​នេះ ដោយ​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ចំនួន ១១៧ ០៦១​នាក់ និង​មាន ១៩៥​មណ្ឌល​ចែក​ចេញ​ជា ៤៧១៦​បន្ទប់​នៅ​តាម​រាជធានី ខេត្ត​ទូ​ទាំង​​ប្រទេស។ បេក្ខជន​ចូល​រួម​ប្រឡង​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ១៣ ៩៤៩​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close