រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញវិធានការរដ្ឋបាលជាថ្មីទៀត ក្រោយការរាលដាលជំងឺកូវីដ១៩មិនថមថយ

ក្រោយពីមិនមានការ​ថមថយ​ការឆ្លង​រាលដាល​ជំងឺកូវីដ​១៩​ក្នុង​សហគមន៍ ទីបំផុត​ទៅ​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការរដ្ឋបាលម្តងទៀត ដោយ​ហាមឃាត់មុខរបរ ឬអាជីវកម្ម​ដែលមាន​ហានិភ័យខ្ពស់ នៃការឆ្លង​រាលដាលជំងឺកូវីដ១៩ ព្រមទាំង​ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈឯកជន នៅក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ រយៈពេល​២សប្តាហ៍ដោយ​គិត​ចាប់ពីម៉ោង​សូន្យ​ថ្ងៃទី៣ មិថុនា នេះ រហូត​ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២១។

មុខរបរដែលត្រូវ​ផ្អាកនេះ​រួម​មាន សាលារៀន សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំងរដ្ឋ និង​ឯកជន, អាជីវកម្ម​ក្លឹបកម្សាន្ត​គ្រប់ប្រភេទ, រមណីយដ្ឋាន សារមន្ទីរ និង​សួនកម្សាន្ត​នានា, អាជីវកម្ម​ម៉ាស្សា, រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹបហាត់ប្រាណ និង​មជ្ឈមណ្ឌលកីឡា។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ​ក៏​បាន​បញ្ជាក់ដែរថា ខ្លួន​នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត​ទៅ​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង។

ដោយ​ឡែក​សម្រាប់ការ​ជួបជុំមនុស្សជា​លក្ខណៈ​ឯកជនវិញ ក្នុង​អំឡុង​ពេល នៃការ​ដាក់ចេញ​វិធានការ​រដ្ឋបាលនេះ គឺត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ​ប្រមូល​ផ្តុំ​មនុស្ស ដោយមិន​ឲ្យ​លើស​ពី ១៥នាក់ឡើយ ដោយ​លើក​លែង​​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ និង​រង្វង់សាច់ញាតិ ដែលរស់​នៅ​ក្នុង​លំនៅឋាន ឬ​ទីសំណាក់​ជាមួយគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close