ស្នងការនគរបាលខេត្តបន្ទាយមានជ័យអំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ដប្រុងប្រយ័ត្នខ្ពស់ ក្រុមចោរ​លួច​ឡាន

(បន្ទាយមានជ័យ)៖ នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មុខសញ្ញា​ចាស់១ក្រុម មាន​គ្នាច្រើន នាក់ប្រើ​រថយន្ត​ជា​មធ្យោបាយ​ដឹក​បក្ខ​ពួកវា ទៅ​ទម្លាក់​ចុះ​តាម​គោលដៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​ផ្លូវ​ក្នុងខេត្ត ហើយ​បើ​មើលឃើញ​មាន​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី បា​ឡែ​ន ឬ​រថយន្ត​តូច រថយន្ត២បាំង ឬក៏​រថយន្ត​អី​ក៏ដោយ ពួកគេ​នឹង​ចូល​លួច​នៅ​ចាប់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ដល់​ទៀបភ្លឺ។ មុខសញ្ញា​មួយក្រុម​នេះ បាន​លួច​រថយន្ត​ចំនួន៣គ្រឿង នៅ​ខេត្តបន្ទាយមានជ័យ និង​លួច​នៅ​ខេត្ត​ដ៏ទៃទៀត បាន​មួយចំនួន​ដែរ តែ​បង្ក្រាប​មិនទាន់បាន​ដូចគ្នា។ ហេតុនេះ​សមត្ថកិច្ច​សូមឱ្យ​បងប្អូន​ម្ចាស់​រថយន្ត បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​បាត់បង់​ខូចខាត។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានដាក់​បញ្ជារ​តឹងរឹង​ណាស់ ក្នុង​រឿងនេះ​ដើម្បីឱ្យ​កម្លាំង​លោក ឈ្មុសឈ្មុល​ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប​មុខសញ្ញា​នេះ។ លោក​បន្តថា បើ​យោងតាម​ការពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ក្រុមចោរ​ទាំងនោះ​មាន​គ្នាច្រើន​នាក់ ហើយ​បាន​ជិះ​រថយន្ត​ម៉ាក់​តូយ៉ូតា ឡិច​ស៊ី​ស ជា​មធ្យោបាយ ក្នុងការ​លួច​រថយន្ត។
បើតាម​លោក​ស្នងការរង ករណីនេះ​ចោរលួច​បាន៣គ្រឿង​រួមមាន ៖

*ទី១៖ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ចន្លោះ​ម៉ោង១រំលង​អ​ធ្រា​ត្រ​ដល់​ម៉ោង៨និង៣០នាទី​ព្រឹក នៅ​ចំណុច​មុខ​វិមាន​រៀម ក្នុងភូមិ/សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួច​រថយន្ត១គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស​សេរី២០០២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A-5396 ជា​របស់​ជនរងគ្រោះ​ឈ្មោះ ថាប់ ផា​វិ​ន ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ សង្កាត់​កើតហេតុ។

*ទី២៖ កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១១និង៣៦នាទី​យប់​នាទី លួច​រថយន្ត១គ្រឿង ម៉ាក​កា​មា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5154 លេខ​តួ4T1BE32K22U050366 នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ម្ចាស់​ឈ្មោះ មឿង ស៊ី​ម៉ុ​ល ភេទ​ប្រុស អាយុ៥៨ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

*ទី៣៖ កាលពី​យប់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ចោរ​បាន​កាត់​របង​ផ្ទះ​ចូលមក​លួច​ឡាន​តូយ៉ូតា​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ២០០៣ ពាក់​ស្លាក លេខ​២X ៣៩៤៨ ពណ៍​ទឹកមាស របស់​ឈ្មោះ ម៉ក់ ការេ​ន ភេទ​ប្រុស​អាយុ៤១ឆ្នាំ នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​យកមក​លាង នៅ​កន្លែង​របស់​ឈ្មោះ អឹង​សំអាត ភេទ​ប្រុស អាយុ៤៨ឆ្នាំ នៅ​ភូមិ​ខាងលើ។

នគរបាល​ខេត្ត ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រញាប់​សហការ រាយការណ៍​បន្ទាន់​មក​នគរបាល បើ​មានមុខ​សញ្ញា​ចោរលួច​ឡាន​ជា​ក្រុម​ទាំងអស់នោះ ដើម្បី​សមត្ថកិច្ច​រាយ​បណ្តាក់​ស្ទាក់​បណ្តេញ​បង្ក្រាប។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close