រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បន្ត​បិទ​ផ្សារ​កំពង់ក្តី និង​ផ្សារ​ដំ​ដែក ២​សប្តាហ៍​ទៀត ខណៈករណីឆ្លង​កូ​វីដ​១៩នៅតែបន្ត

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​បន្ត​បិទ​ផ្សារ​ដំ​ដែក ក្នុងស្រុក​សូទ្រនិគម និង​ផ្សារ​កំពង់ក្តី ស្រុក​ជីក្រែង ក្នុង​រយៈពេល​២​សប្តាហ៍​បន្ថែមទៀត បន្ទាប់ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែលមាន​ប្រភព​ចេញពី​ផ្សារ​ទាំងពីរ​នេះ នៅ​មិនទាន់មាន​សភាព​ថមថយ​។​

​យោងតាម​សេចក្តីសម្រេច​ចំនួន​២ របស់​រដ្ឋបាល​ខេត្តសៀមរាប ចេញ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា អាជ្ញាធរ នឹង​បន្ត​បិទ​ផ្សារ​កំពង់ក្តី ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។ ចំណែក​ផ្សារ​ដំ​ដែក នឹង​បន្ត​បិទ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​។ ការបិទ​ផ្សារ​នេះ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​តំបន់​ដែល​បាន​បិទ ក៏ដូចជា​ជាការ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។​

​សូមជម្រាបថា ផ្សារ​កំពង់ក្តី ស្ថិតនៅ​ក្នុងភូមិ​កំពង់ក្តី​២ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ផ្សារ​នេះ ត្រូវបាន​អាជ្ញាធរ​បិទ​ការចេញចូល​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​។ ចំណែក​ផ្សារ​ដំ​ដែក ដែល​ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ក៏ត្រូវ​បាន​អាជ្ញា​ខេត្តសៀមរាប​សម្រេច​បិទ​ការចេញចូល​កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១​។​

​ការដែល​បិទ​ផ្សារ​ទាំង​២​នេះ ដោយសារ​ទីតាំង​ខាងលើ បាន​ក្លាយជា​ប្រភព​នៃ​ការឆ្លង​រាលដាល​ដ៏​ខ្លាំងក្លា​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close