សេដ្ឋកិច្ច

រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ដ៏​ធំ​មួយ គ្រោង​បង្កើត​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​ជីន ហួយ (​ខេ​ម​បូ​ឌា​) បានបង្ហាញ​ពី​គម្រោង​របស់ខ្លួន​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ដ៏​ធំ​មួយ ដោយ​គ្រោង​ធ្វើឡើង​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅលើ​ផ្ទៃ​ជាង​១០​ម៉ឺន​ម៉ែត្រក្រឡា​។​

​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​បានទទួល​ការគាំទ្រ​ពី​ក្រុមការងារ​អន្តរក្រសួង ដោយ​ក្នុងនោះ​ក្រុមការងារ​អន្តរក្រសួង ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ប្រើប្រាស់​សារធាតុ​គីមី​ក្នុងការ​រក្សា​គុណភាព ផលិតផល និង​ត្រូវ​គិតគូរ​បន្ថែម​លើ​ការរក្សា​ធនធានបរិស្ថាន​នៅក្នុង​តំបន់​គម្រោង និង​ដាំ​ដើមឈើ​បន្ថែម ដើម្បី​ការពារ​ទំ​ស្កាត់​ការរំខាន​ដោយ​សំឡេង ការបំពុល​ខ្យល់ និង​ការបំពុល​គុណភាព​ទឹក និង​គុណភាព​ដី​។​

ជាមួយគ្នានេះដែរ​ក្រុមហ៊ុន​ក៏ត្រូវ​រក​ជម្រើស​ផ្សេង​ពី​ការប្រើប្រាស់​អុស​មកប្រើប្រាស់​អគ្គិសនី ឬ​ថាមពល​ផ្សេងៗ​ចំពោះ​ឡ​ចំហាយ និង​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​ស្ថានភាព​តំបន់​គម្រោង​។​

​យ៉ាងណាក៏ដោយ​ចំពោះ​កាលបរិច្ឆេទ​នៃ​ការបង្កើត​រោងចក្រ​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close