សមត្ថកិច្ចឆ្មក់ចូលក្នុងហាងខារ៉ាអូខេពីរ៉ាមីតក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស១៤នាក់
សៀមរាប ៖ នៅវេលាម៉ោង ១ និង៣០នាទីយប់រំលងអាធ្រាតឈានចូលដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក កេីត វណ្ណារ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបនឹងលោក សំរិទ្ធសុខុន ព្រះរាជាអាជ្ញារងសាលាដំបូងខេត្ត ដែលដឹកនាំកំលាំងនឹងចុះបញ្ជាផ្ទាល់់ដោយលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារុង ស្នងការដ្ឋាននគរបាលខេត្ត និងចុះអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងខេត្តនឹងមានការសហការជាមួយកំលាំងមូលដ្ឋាននឹងកំលាំងព្រហ្មទណ្ឌកម្រិតស្រាលដែលដឹកនាំដោយលោកវិរសេនីយ៍ឯក ហស្ស សូផាភិរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប បានឆ្មក់ចូលក្នុងហាងខារ៉ាអូខេ ពីរ៉ាមីត ក្នុងក្រុងសៀមរាប ដែលជាកន្លែងចែកចាយថ្នាំញៀននឹងថ្នាំសប្បាយយ៉ាងធំនឹងសកម្មប្រចាំក្រុងសៀមរាប។
តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា ខារ៉ាអូខេពីរ៉ាមីតនេះ គឺល្បីយូរមកហេីយជាកន្លែងផ្តល់នឹងលក់ថ្នាំសប្បាយនឹងថ្នាំញៀនអោយទៅភ្ញៀវ ហេីយមិនដែលឃេីញមន្ត្រីសមត្ថកិច្ចខាងណាចុះមកបង្ក្រាបទេ នេះជាលេីកទីមួយហេីយដែលសមត្ថកិច្ចនគរបាលខេត្តសៀមរាបចុះបង្ក្រាបនឹងធ្វេីការឃាត់ខ្លួនមនុស្សជាច្រេីន។ ប្រភពដដែលបានបន្ថែមថា ខារ៉ាអូខេពីរ៉ាមីតនេះ ល្បីថាម្ចាស់ទីតាំងនេះគឺជារបស់មន្ត្រីប៉េអឹមម្នាក់ដែលមានអំណាចនឹងឥទ្ធិពលក្នុងជួររាជរដ្ឋាភិបាលផងដែរ។
ជាលទ្ធផលមនុស្សប្រុសស្រីចំនួន១៤នាក់ត្រូវបានឃាត់ខ្លួនក្នុងការចុះប្រតិបត្តិការគ្រឿងញៀននេះ ដោយសមត្ថកិច្ចឆែកឆេររកឃេីញម្សៅខេពណ៌សចំនួន១៦កញ្ចប់ និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ននេះ ជនសង្ស័យទាំងអស់ត្រូវបាននាំខ្លួនយកមកធ្វេីការសាកសួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។