លោក ហេង សំ​ហៃ មេ​ស្នាក់ការ​គយ​ផែ​កែវផុស​ត្រូវគេ​ទម្លាយ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ឱ្យ​នាំចូល​ទំ​ទិញ​ដោយ​បង់ពន្ធ​ជូន​រដ្ឋ​មិន​គ្រប់​

​មេ​គយ​ប្រចាំ​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ឬ​ទ្ធី ក្នុងភូមិ​ឬ​ទ្ធី​១ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ផ្ទៃក្នុង​រាយការណ៍​ទម្លាយ​មក​ថា មានការ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី បើកភ្លើង​ខៀវ​ឱ្យ​នាំចូល​នូវ​ទំនិញ​ដោយ​រៀបចំ​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​មិន​គ្រប់​។​

​ប្រភព​មន្ត្រី​ផ្ទៃក្នុង បាន​និយាយថា ទូក និង​កប៉ាល់​ដឹកទំនិញ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដែល​ចូល​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ប៉ុន្តែ​មិនដែល​ឃើញ​ភ្នាក់ងារ​គយ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​មុខទំនិញ​ទាំង​នេះឡើយ​។ មន្ត្រី​ដដែល​បាន​បន្តទៀត ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​យី​ឌុប​ជា​ច្រើ្​ន​គ្រឿង​ចូល​ដឹកទំនិញ​ចេញពី​កំពង់ផែ​កែវផុស​ខេត្ត​ព្រះសីហនុ​រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​។​

​ប្រភពពី​មន្ត្រី​ក៏បាន​បង្ហើប​ទម្លាយ​បន្ថែមថា រាល់​ទំនិញ​ដែល​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស​របស់លោក​ឧក​ញ៉ា ម៉ុង ឬ​ទ្ធី យ៉ាង​គគ្រឹកគគ្រេង​មាន​ទាំង​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ ព្រោះ​មេ​ស្នាក់ការ​គយ​ប្រចាំការ​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស មិនបាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឡើយ​។ ប្រភព​ដដែល​បាន​បន្តថា លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ អង្គុយចាំ​ស៊ី​ញ៉េ​លើ​ឯកសារ​ទាក់ទង​នឹង​ការនាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ និង​ប្រថាប់ត្រា​តែប៉ុណ្ណោះ រឿង​ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​គ្មានទេ ទង្វើរ​បែបនេះ​នាំឱ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់​ក្នុង​មួយខែៗ​។​

​ប្រភព​បញ្ជាក់ថា ទំនិញ​ដែល​នាំចូល​តាម​ច្រក​កំពង់ផែ​កែវផុស​នេះ មាន​សម្ភារៈ​សំណង់ (​ដែក ,​ឥដ្ឋការ៉ូ ,​ទុយោ​ជ័រ ,​ស៊ីម៉ង់​ស៍​), គ្រឿងទេស​, ភេ​ទស​ជ្ជៈ​គ្រប់​ប្រភេទ​,​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​, ធ្យូងថ្ម​, ម៉ូតូ និង​ទំនិញ​ជាច្រើន​ទៀតផង​ដែរ​។​

​មន្ត្រី​កំពង់ផែ​កែវផុស ទាំងអស់​រងចាំ​មើល លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​គយ មាន​ចំណាត់ការ​បែបណា​ទៅលើ​មន្ត្រី​ខិលខូច​ប្រព្រឹត្ត​អំពើពុករលួយ កេង​ប្រ​វ័​ញ​ថវិការ​ជាតិ​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន ធ្វើ​មាន​ធ្វើបាន​ដាក់​ហោប៉ៅ​ខ្លួន​និង​បក្ខពួក​។​

​ពាក់ព័ន្ធ​និង​ការប្រព្រឹត្ត​អំពើពុករលួយ​ខាងលើ​អង្គភាព​នេះ​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស​នោះបាន​នៅឡើយ​ទេ​។ ជុំវិញ​រឿងនេះ អង្គភាព​យើង​និង​បន្ត​ផ្សាយ​ករណីនេះ​ឲ្យ​ពិស្តារ​បន្ថែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close