ចាប់ខ្លួន​នារី​វ័យក្មេង​ម្នាក់ ដកហូត​ថ្នាំញៀន​ជាង ៤០​ថង់ នៅ​ក្រុង​បាត់ដំបង

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ក្រុមទី​៦ ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់​។

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហេង ស្រី​លាភ ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ រីឯ​វត្ថុតាង​ចាប់​យកបាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤០​ថង់ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២​គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង និង​សំភារៈ​សំរាប់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​។​

​បច្ចុប្បន្ន​នគរបាល​ក្រុង​បាត់ដំបង បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close