យុវជនម្នាក់ រងគ្រោះដោយសារផ្ទុះមីន ដាច់ជើងម្ខាង!
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២.០០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្ស ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់ ឈ្មោះ រឿន ថន អាយុ២៥ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងរបួសដាច់ជើងម្ខាង និងរបួសដៃម្ខាង នៅពេលដែលគាត់កំពុងដើរបោចផ្តៅក្នុងព្រៃ នៅចំនុចដងទង់ ក្នុងភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលចូលតំបន់ណាដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
សូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។