TikTok រងការផាកពិន័យ ៦% ពីបទបំពានច្បាប់មាតិកាអនឡាញសហភាពអឺរ៉ុប
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDacne ត្រូវបានចោទប្រកាន់ដោយនិយតករសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញការរំលោភលើច្បាប់មាតិកាអនឡាញរបស់សហភាពអឺរ៉ុប ហើយអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលសកលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានបញ្ជូនការរកឃើញបឋមរបស់ខ្លួនទៅកាន់ TikTok បន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។ នៅក្នុងឯកសារនោះ TikTok បានបរាជ័យក្នុងការអនុលោមតាមកាតព្វកិច្ចរបស់ច្បាប់សេវាកម្មឌីជីថល (DSA) ក្នុងការបោះពុម្ពផ្សាយពាណិជ្ជកម្មដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវ និងអ្នកប្រើប្រាស់រកឃើញការផ្សាយពាណិជ្ជកម្មបោកប្រាស់។
ច្បាប់សេវាកម្មឌីជីថល (DSA) តម្រូវឱ្យវេទិកាអនឡាញចាត់វិធានការកាន់តែខ្លាំង ដើម្បីដោះស្រាយខ្លឹមសារដែលខុសច្បាប់ និងបង្កគ្រោះថ្នាក់ ព្រមទាំងផ្តល់ព័ត៌មានលើការផ្សាយពាណិជ្ជកម្មផងដែរ។ ទាក់ទិននឹងករណីនេះ គណៈកម្មការអឺរ៉ុបបាននិយាយថា TikTok មិនបានផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃការផ្សាយពាណិជ្ជកម្មអ្នកប្រើប្រាស់គោលដៅ និងអ្នកដែលបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មនោះទេ។
គួរជម្រាបថា អ្នកនាំពាក្យ TikTok បាននិយាយថា «ខណៈពេលដែលយើងគាំទ្រដល់គោលដៅនៃបទប្បញ្ញត្តិ និងបន្តកែលម្អឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្មរបស់យើង យើងមិនយល់ស្របនឹងការបកស្រាយមួយចំនួនរបស់គណៈកម្មាការទេ ហើយកត់សម្គាល់ថាការណែនាំកំពុងត្រូវបានបង្ហាញតាមរយៈការរកឃើញបឋម ជាជាងគោលការណ៍ណែនាំសាធារណៈច្បាស់លាស់»៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។